(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ តាមការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កើន ឡើងជាថ្មីក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរំលងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Guardian (UFG) បានចាប់ផ្ដើមតាំងតែពីថ្ងៃទី២១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូងច្រើនជាង ៥០,០០០នាក់ រួមទាំង ៣,០០០នាក់ ផ្សេងទៀតមកពីមូលដ្ឋានទ័ពបរទេស។ ចំណែកឯបណ្ដារដ្ឋចំនួន ០៧ មានដូចជា អូស្ត្រាលី កាណាដា កូឡុំប៊ី ដាណឺម៉ាក នូវែលសេឡង់ ហូឡង់ និងអង់គ្លេស ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធានេះដែរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោស និងជំទាស់យ៉ាងខ្លាំងនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្បិតទីក្រុងព្យុងយ៉ាងគិតថា វាគឺជាការត្រៀមលក្ខណៈចូលឈ្លាន ផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន ហើយជាការឆ្លើយតបរបបកម្មុយនីស្ដឯកោមួយនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ហោះរំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ បន្ទាប់ខ្លួនបានបរាជ័យក្នុងការធ្វើតេស្ដមីស៊ីលបីគ្រាប់៕