(ការ៉ាកាស់)៖ បើទោះជាកំពុងត្រូវសហរដ្ឋអាមេរិកសង្កត់ក តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ក៏ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្គាប់ឱ្យរដ្ឋាភិបាល របស់លោកផ្ដល់ជំនួយជាង ៥លានដុល្លារអាមេរិក ជួយដល់ជនរងគ្រោះដោយសារតែខ្យល់ព្យុះ ហ៊ឺរីខិន ហាវេយ (Havey)។ នេះបើតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) ជំនួយទាំងនេះនឹងផ្ដល់ទៅឱ្យទីក្រុងចំនួនពីរ នៅភាគអាគ្នេយ៍នៃរដ្ឋ តិចសាស់ (Texas) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែទឹកជំនន់បង្កឡើងដោយព្យុះ Hurricane ដ៏កំណាច ហើយជំនួយនេះទៀតសោតនឹងត្រូវផ្ដល់ជូន តាមរយៈក្រុមហ៊ុនចំរាញ់ប្រេងវេណេស៊ុយអេឡាឈ្មោះ ស៊ីតហ្គោ (Citgo) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ជាការបង្ហាញពីកាយវិការសាមគ្គីភាពរបស់លោក ម៉ាឌូរ៉ូ។
លោក Jorge Arreaza បានបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុន Citgo នឹងផ្ដល់ជំនួយដោយផ្ទាល់ជាទឹកប្រាក់ ០៥លានដុល្លារ ដើម្បីជួយដល់គ្រួសារជនរងគ្រោះ នៅក្នុងទីក្រុង ហួស្តុន (Houston) និងទីក្រុង ខរភូស គ្រីស្ទី (Corpus Christi) ក្រោមកិច្ចសហប្រតិបត្តិការជាមួយអភិបាលក្រុង និងអាជ្ញាធររបស់ពួកគេ»។
គួរបញ្ជាក់ថា ព្យុះ Hurricane ហាវេយ ដែលបង្កជាគ្រោះទឹកជំនន់ដ៏ធំបានវាយប្រហារមកលើរដ្ឋ Texas តាំងតែពីថ្ងៃទី២៥ ខែសីហាមក ដោយបានផ្ដាច់អាយុជីវិតមនុស្ស ២០នាក់ និងរាប់ពាន់នាក់ ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈវាបានបង្កគ្រោះមហន្តរាយ និងការបំផ្លាញទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ ដែលអាមេរិកនឹងត្រូវការពេលរាប់ឆ្នាំ ទើបអាចស្តារស្ថានភាពឲ្យដូចដើមឡើងវិញបាន៕