(អាមេរិក)៖ ទីភ្នាក់ងារការពារមីស៊ីល (MDA) និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើតេស្តសមត្ថភាពការពារគ្រាប់មីស៊ីល នៅក្បែររដ្ឋហាវ៉ៃ (Hawaii) ក្រោយកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងយ៉ាងគគ្លើនសាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
ការធ្វើតេស្តខាងលើ ដែលត្រូវបានគ្រោងរៀបចំជាមុនយ៉ាងល្អនោះ ត្រូវបានធ្វើឡើងចេញពីនាវាចម្បាំងអាមេរិក John Paul Jones តាមរយៈការប្រើប្រាស់មីស៊ីលប្រដេញម៉ាក Standard Missile-6 ឬ SM-6 ដែលបានបាញ់ស្ទាក់គោលដៅ ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួនមួយគ្រាប់ ដោយជោគជ័យ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ខ្លួន រំលងពីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។
គួរបញ្ជាក់ថា ជាមួយគ្នានេះដែរជប៉ុនក៏កំពុងតែព្យាយាមបំពាក់ប្រព័ន្ធការពារមីស៊ីលផ្លោងឈ្មោះ Aegis ឲ្យបាននៅត្រឹមឆ្នាំ២០២៣ផងដែរ ដើម្បីជួយបង្កើនសមត្ថភាពក្នុងការទប់ទល់នឹងភាពរីកចម្រើន នៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕