(ព្យុងយ៉ាង)៖ ខណៈពិភពលោកនាំគ្នាថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុនឯណោះវិញ បែរជាអង្គុយសើចក្អះក្អាយយ៉ាងរំភើយមើល យោធារបស់ខ្លួនបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន ដោយមិនខ្វល់ឡើយពីការថ្កោលទោស និងទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
ក្រោយការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម Hwasong-12 សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសុភមង្គលរបស់លោក គីម ជុងអ៊ុន ដែលអង្គុយសើចក្អះក្អាយ អមដោយពួកមន្ត្រីអ្នកមុខអ្នកការ អង្គុយទស្សនាការធ្វើតេស្ដមីស៊ីល ក្រោមទឹកមុខរីករាយ។ នេះអាចជាថ្ងៃរីករាយបំផុតក្នុងជីវិត នៃមេដឹកនាំទីក្រុង ព្យុងយ៉ាងរូបនេះក៏ថាបាន ព្រោះថាប្រហែលជាគ្មានអ្វីធ្វើឱ្យលោកសប្បាយជាងការធ្វើតេស្ដមីស៊ីលជោគជ័យនោះឡើយ។
គួររំលឹកថា កាលពីថ្ងៃអង្គារ កូរ៉េខាងជើង បានបាញ់មីស៊ីលម៉ាក Hwasong-12 មួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០០៩ មុននឹងធ្លាក់ចូលក្នុងតំបនក្បែរ ដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ខាងក្រោមនេះគឺជារូបភាពបង្ហោះដោយ KCNA៖