(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រោងចក្រចំរាញ់សារធាតុគីមី អាខេម៉ា (Arkema) នៅក្នុងទីក្រុង ហួស្តុន (Houston) បានសម្រេចចិត្តជម្លៀសបុគ្គលិករបស់ខ្លួន និងប្រជាជនរស់នៅក្បែរខាង ទៅកាន់កន្លែងមានសុវត្ថិភាព ដោយសារតែព្រួយបារម្ភខា្លចក្រែងមានការផ្ទុះណាមួយ បង្កឡើងដោយទឹកជំនន់នៃព្យុះហ៊ឺរីខិន ហាវេយ (Hurricane Harvey)៕
២៖ កូរ៉េខាងជើង បានប្រកាសទទួលស្គាល់ថាខ្លួន ពិតជាបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមមួយគ្រាប់ហោះរំលងប្រទេសជប៉ុនកាលព្រឹកថ្ងៃអង្គារម្សិលមិញ រីឯប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាង ក៏បានបញ្ជាឲ្យមានការធ្វើតេស្តមីស៊ីលបន្ថែមទៀត ទៅលើទីតាំងក្នុងមហាសាគរប៉ាស៊ីហ្វិកផងដែរ៕
៣៖ ក្រុមសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងពេញទំហឹងលើកូរ៉េខាងជើង សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃអង្គារ ដោយចាត់ទុកថាទង្វើនេះមិនមែនត្រឹមតែជាគំរាមកំហែងនៅក្នុងតំបន់ប៉ុណ្ណោះទេ តែវាគឺជាការគំរាមកំហែងដល់សមាជិក អង្គការសហប្រជាជាតិទាំងអស់៕
៤៖ នាពេលថ្មីៗយានអវកាស Cassini របស់អង្គការ NASA បានថតយករូបភាព និងបង្កើតចេញជាវីដេអូដ៏អស្ចារ្យមួយ ស្តែងពីចិញ្ចៀន (ខ្សែក្រវាត់) ដ៏ល្បីឈ្មោះរបស់ភពសៅរ៍ (Saturn) ខណៈពេលដែលយានអវកាសមួយនេះ នឹងបូជាជីវិតរបស់ខ្លួននៅទីនោះ នាខែកញ្ញាខាងមុខនេះហើយ៕
៥៖ សភាធម្មនុញ្ញវេណេស៊ុយអេឡាបានចេញក្រឹត្យមួយ ដោយបង្គាប់ឱ្យអាជ្ញាធរបើកការស៊ើបអង្កេត និងតាមប្រមាញ់អ្នកដែលជាប់សង្ស័យថា បានគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមកលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់៕
៦៖ ចិនបានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនថា ឥណ្ឌានឹងមិនអនុញ្ញាតឲ្យមានការប្រឈមមុខដាក់គ្នា ដូចទៅនឹងអ្វីដែលបានកើតឡើង ក្នុងតំបន់ជម្លោះ ដុកឡេម (Doklam) កើតមានតទៀតឡើយនាពេលអនាគត៕