(ហាណូយ)៖ សហគ្រាសជាង ២១,៧០០កន្លែង ដែលមានឯកទេសខាងធ្វើពាណិជ្ជកម្ម ឬជួសជុលរថយន្ត និងម៉ូតូក្នុងប្រទេសវៀតណាម បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅអំឡុងពេល ០៨ខែ ចុងក្រោយនៃឆ្នាំ២០១៧នេះ។ នេះបើតាមការឲ្យដឹងពី ទីភ្នាក់ងារគ្រប់គ្រងការចុះបញ្ជីអាជីវកម្មវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
បើនិយាយឲ្យច្បាស់គឺក្រុមហ៊ុនចំនួន ៦,៨២១ (កំណើនប្រចាំឆ្នាំក្នុងអត្រា ១៤.៧%) បានផ្អាកប្រតិបត្តិការក្នុងរយៈពេលខ្លី ខណៈក្រុមហ៊ុនដទៃទៀតបានធ្វើដូចគ្នា ក៏ប៉ុន្តែសម្រាប់រយៈពេលយូរ និងមានអត្រាកំណើនប្រចាំឆ្នាំ ១៤.៥ភាគរយ។ បន្ថែមពីនេះ យោងតាមទីភ្នាក់ងារខាងលើ ដែលស្ថិតក្រោមក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម សហគ្រាសសរុបចំនួន ២,៩២១ ដែលធ្វើអាជីវកម្មខាងលក់ដុំ, លក់រាយ, និងជួសជុលយានយន្តនោះ ត្រូវបានរំសាយចោលទាំងស្រុង ពីព្រោះតែបញ្ហាលំបាកនៃការធ្វើអាជីវកម្ម។
គួរបញ្ជាក់ថា យោងតាមក្រុមអ្នកជំនាញវៀតណាម ស្ថានការណ៍នេះត្រូវបានបង្កឡើងមួយផ្នែក ដោយសារតែការដែលពន្ធនាំចូលយានយន្តមកកាន់វៀតណាម ពីបណ្តាសមាជិកអាស៊ានដទៃៗទៀត ត្រូវបានកាត់បន្ថយពី ៥០ភាគរយ ក្នុងឆ្នាំ២០១៥ ទៅ ៤០ភាគរយ ក្នុងឆ្នាំ២០១៦, ទៅ ៣០ភាគរយនៅឆ្នាំ២០១៧, នឹងទៅសូន្យភាគរយនៅត្រឹមឆ្នាំ២០១៧ខាងមុខ៕