(ប៉េកាំង)៖ ចិនបានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនថា ឥណ្ឌានឹងមិនអនុញ្ញាតឲ្យមានការប្រឈមមុខដាក់គ្នា ដូចទៅនឹងអ្វីដែលបានកើតឡើង ក្នុងតំបន់ជម្លោះ ដុកឡេម (Doklam) កើតមានតទៀតឡើយនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងនាថ្ងៃពុធនេះថា «ចិនសង្ឃឹមថា ភាគីឥណ្ឌានឹងចងចាំមេរៀន ដែលទទួលបានពីបញ្ហាជម្លោះព្រំដែននាពេលថ្មីៗនេះ នៅឯតំបន់វិវាទ Doklam ហើយខិតខំទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍អាក្រក់បែបនេះ កើតឡើងបានសាជាថ្មីម្តងទៀត នាពេលអនាគត។ លោក Wang បានបន្ថែមថា ចិនមានក្តីបំណងចង់សម្រេចបាន ទំនាក់ទំនងប្រកបដោយស្ថិរភាព និងអត្ថន័យរវាងប្រទេសជិនខាងទាំងពីរ ពីព្រោះថា វាមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ចិនតែឯងប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់ចំពោះឥណ្ឌា ក៏ដូចជាប្រទេសក្បែរខាងដទៃៗទៀតផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការដកកម្លាំងទ័ពរៀងៗខ្លួន ចេញពីតំបន់វិវាទ Doklam ក្រោយការប្រឈមមុខដាក់គ្នាអស់រយៈពេលជាង ០២ខែកន្លងមក៕