(វ៉ាស៊ីនតោន)៖ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ផ្លោងរំលងលើដែលអាកាសប្រទេសជប៉ុននាម្សិលមិញនេះ ត្រូវបានធ្វើឡើងដោយចេតនាសុទ្ធសាធ ដើម្បីលាតត្រដាងឲ្យឃើញពីចំណុចខ្សោយរបស់ជប៉ុន និងដើម្បីបណ្តុះឲ្យមាននូវមន្ទិលសង្ស័យ ក៏ដូចជាការមិនទុកចិត្ត ចំពោះសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម័្ពន្ធមិត្តរបស់ខ្លួន។ នេះបើតាមសម្តីរបស់អតីតមន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេសអាមេរិក លោក ឆាស ហ្វ្រីមែន (Chas Freeman) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
លោក Chas Freeman បានលើកឡើងថា «ការដែលមីស៊ីលកូរ៉េខាងជើង បានហោះរំលងជប៉ុន កំពុងតែបង្កក្តីព្រួយបារម្ភនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ ស្តីពីសមត្ថភាពការពារខ្លួន និងមន្ទិលសង្ស័យនៃតម្លៃសម្ព័ន្ធភាពរបស់ទីក្រុងតូក្យូ ជាមួយទីក្រុងវ៉ាស៊ីនតោននោះ គឺជាអត្ថប្រយោជន៍បន្ថែមមួយ បើតាមទស្សនៈទីក្រុងព្យុងយ៉ាង»។ លោក Feeman បានបកស្រាយដូច្នេះថា «កូរ៉េខាងជើង បានរៀបចំគំរោងដោយចេតនា ដើម្បីបាញ់សាកល្បងមីស៊ីលផ្លោងរបស់ពួកគេ ឆ្លងកាត់ដែនកោះដ៏ធំបំផុតរបស់ជប៉ុន គឺហុកកៃដូ (Hokkaido) ដើម្បីលាតត្រដាងពីចំណុចខ្សោយរបស់រដ្ឋាភិបាលទីក្រុងតូក្យូ និងដោយសង្ឃឹមថា ប្រការនេះនឹងបណ្តុះឲ្យមានភាពមិនជឿទុកចិត្ត ចំពោះសមត្ថភាពអាមេរិក ក្នុងការការពារប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ជាមួយគ្នានេះ អតីតមន្រ្តីជាន់ខ្ពស់អាមេរិករូបនេះបានគូសបញ្ជាក់ថា កូរ៉េខាងជើងពុំបានបំពានច្បាប់អន្តរជាតិណាមួយឡើយ តាមរយៈការធ្វើតេស្តមីស៊ីលចុងក្រោយបំផុតរបស់ខ្លួននេះ ដោយសារតែមីស៊ីលផ្លោងនោះ បានហោះពីលើស្រទាប់បរិយាកាសចម្បងរបស់យើង ដោយលោកបាននិយាយដូច្នេះថា «ធាតុពិតនោះគឺថា វាពុំមានច្បាប់ណាដែលហាមឃាត់ មិនឲ្យមានការហោះហើរផុតពីស្រទាប់បរិយាកាស (Extra-Atmospheric) នៅលើដែនអធិបតេយ្យភាពប្រទេសណាមួយនោះឡើយ ពីព្រោះថាដែនអធិបតេយ្យភាព គឺមិនហួសពីស្រទាប់បរិយាកាសដាច់ខាត»។
លោក Freeman ក៏បានសង្កត់ធ្ងន់ផងដែរថា ការធ្វើតេស្តមីស៊ីលនាម្សិលមិញនេះ បានស្តែងឲ្យឃើញថា លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង នៅតែបន្តមានជំនឿចិត្តថា កម្មវិធីមីស៊ីល-នុយក្លេអ៊ែរកូរ៉េខាងជើង បានផ្តល់ឲ្យប្រទេសលោក នូវសន្តិសុខសុវត្ថិភាព, ចំណាប់អារម្មណ៍, និងការគោរពកោតក្រែង នៅក្នុងពិភពលោក ដែលមានតម្លៃសាកសមនឹងទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាទោសទណ្ឌដទៃៗផ្សេងទៀត ដែលត្រូវបានដាក់ទៅលើរដ្ឋកុម្មុយនិស្តមួយនេះ។ ហេតដូច្នេះហើយ លោក Chas Freeman បានព្រមានថា លទ្ធភាពដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហគមន៍អន្តរជាតិ អាចបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់ចោលកម្មវីធីមីស៊ីលផ្លោង-នុយក្លេអ៊ែរនាពេលអនាគតខាងមុខនោះ គឺទំនងជាពុំអាចទៅរួចនោះទេ។
គួរបញ្ជាក់ថា ម្សិលមិញនេះកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមចំនួន ០១គ្រាប់ ឆ្លងកាត់ដែនកោះភាគខាងជើងប្រទេសជប៉ុន មុននឹងគ្រាប់មីស៊ីលនោះ បានធ្លាក់ចុះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅចម្ងាយជាង ១,០០០គីឡូម៉ែត្រ ពីភាគខាងកើតជប៉ុន៕