ព័ត៌មានរសើប! សភាធម្មនុញ្ញថ្មីវេណេស៊ុយអេឡា «កំពុងជម្រុញឲ្យតាមប្រមាញ់ ជនក្បត់ជាតិ ដែលគាំទ្រទណ្ឌកម្មអាមេរិក» មកលើប្រទេសនេះ! (Video inside)
30-08-2017 14:04
(វេណេស៊ុយអេឡា)៖ សភាធម្មនុញ្ញថ្មីរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញក្រឹត្យមួយ ដោយបង្គាប់ឱ្យអាជ្ញាធរបើកការស៊ើបអង្កេត និងតាមប្រមាញ់អ្នកដែលជាប់សង្ស័យថា បានគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មកលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រឹត្យខាងលើ ដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារ រាល់អ្នកទាំងឡាយណាដែលចូលរួមលើកកម្ពស់ ឬក៏គាំទ្រទណ្ឌកម្មអាមេរិកប្រឆាំងនឹងវេណេស៊ុយអេឡា គឺត្រូវចាត់ទុកថាជា «ជនក្បត់ជាតិ» ហើយការចេញក្រឹត្យនេះទៀតសោត កើតមាឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យាថា អាជ្ញាធរនឹងតាមប្រមាញ់ជនក្បត់ជាតិ ដែលលោកផ្ទាល់ចោទថា ជាអ្នកនៅពីក្រោយ ទណ្ឌកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សមាជិកជាន់សភាធម្មនុញ្ញ លោក ឌីយ៉ូសដាដូ កាប៊្រែលឡូ (Diosdado Cabello) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទទួលយកការអំពាវនាវ ពីលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ឱ្យបើកការស៊ើបអង្កេតជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែករក និងកាត់ទោសជាប្រវត្តិសាស្ត្រជនក្បត់ជាតិ ដែលបានចូលរួមលើកកម្ពស់សកម្មភាព គ្មានសីលធម៌បែបនេះ (ទណ្ឌកម្មអាមេរិក) ប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា បើតាមអតីតរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) ដែលបច្ចុប្បន្នជាប្រធានសភាធម្មនុញ្ញ ស្ថាប័នកំពូលដ៏ចម្រូងចម្រាស់មួយនេះ ក៏នឹងជំរុញឱ្យ អគ្គរដ្ឋអាជ្ញា រួមទាំងតុលាការកំពូលចូលរួមក្នុងការស៊ើបអង្កេតផងដែរ៕