(វ៉ាស៊ីនតោន)៖ រោងចក្រចំរាញ់សារធាតុគីមី អាខេម៉ា (Arkema) នៅក្នុងទីក្រុង ហួស្តុន (Houston) បានសម្រេចចិត្តជម្លៀសបុគ្គលិករបស់ខ្លួន និងប្រជាជនរស់នៅក្បែរខាង ទៅកាន់កន្លែងមានសុវត្ថិភាព ដោយសារតែព្រួយបារម្ភ ខា្លចក្រែងមានការផ្ទុះណាមួយ បង្កឡើងដោយទឹកជំនន់នៃព្យុះ ហ៊ឺរីខិន ហាវេយ (Hurricane Harvey)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន រោងចក្រ Arkema បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពនៅទីតាំង ក្រូសបាយ (Crosby) មានសភាពកាន់តែធ្ងន់ធ្ងរ... ដូច្នេះទើបយើងសម្រេចចិត្តជម្លៀសរាល់បុគ្គលិក ពីទីតាំងនេះ... ហើយនៅពេលនេះយើងមិនជឿថា នឹងមានគ្រោះថ្នាក់ដ៏ធំសម្បើមកើតឡើងនោះទេ ប៉ុន្តែបើមានប្រតិកម្មគីមី នោះវាអាចនឹងបង្កជាអគ្គិភ័យ ឬការផ្ទុះក៏ថាបាន»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រជាជនរស់នៅក្បែរខាងរោងចក្រខាងលើ ក៏ត្រូវបានជម្លៀសទៅកាន់ទីទទួលមានសុវត្ថិភាពផងដែរ ខណៈក្រុមអ្នកជំនាញកំពុងត្រួតពិនិត្យសីតុណ្ហភាព និងតាមដានការវវិត្តន៍នៃស្ថានភាពក្នុងរោងចក្រ។ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់បានផ្ដាច់យកអាយុជីវិតមនុស្ស ០៦នាក់ នៅក្នុងរដ្ឋ (តិចសាស់) Texas កាលពីចុងសប្តាហ៍មុននេះ ខណៈរដ្ឋក្បែរខាងគឺ Louisiana ក៏បានទទួលរងគ្រោះផងដែរ៕