(អាមេរិក)៖ អតីតគ្រូកីឡាម្នាក់ក្នុងរដ្ឋកាលីហ្វរញ៉ា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០៥ឆ្នាំ ពីបទបៀតបៀនកេរ្តិ៍ខ្មាសលើក្មេងៗសិស្សសាលាជិត ១០នាក់ កាលពីអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
បុគ្គលខាងលើមានឈ្មោះថា លោក រ៉ុននី លី រ៉ូម៉ាន់ (Ronnie Lee Roman) វ័យ ៤៤ឆ្នាំ កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ ត្រូវបានតុលាការរកឃើញថា ពិតជាមានទោសក្រោមបទល្មើសចំនួន ០៧ករណី ពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពបំពានផ្លូវភេទជាមួយកុមារ ហើយបើតាមអាជ្ញាធរអាមេរិក បទល្មើសចំនួន០៦ក្នុងចំណោមនោះ បានកើតឡើងនៅក្នុងបរិវេណសាលារៀន និងករណីទី០៧ គឺនៅផ្ទះរបស់ជនរងគ្រោះម្នាក់។
ជនល្មើសឈ្មោះ Roman បានបៀតបៀនកេរ្តិ៍ខ្មាសទៅលើក្មេងស្រីតូចៗ មានអាយុចាប់ពី ០៨ឆ្នាំ ដល់ ១១ឆ្នាំ កាលពីចន្លោះខែមករា ឆ្នាំ២០១២ និងខែកញ្ញា ឆ្នាំ២០១៤ នៅសាលាបឋមសិក្សា ខាហួងហ្គា (Cahuenga) ក្នុងតំបន់ កូរ៉េថោន (Koreatown) ហើយនៅមុននោះ ជនល្មើសរូបនេះក៏បានបៀតបៀនកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីម្នាក់នៅឯសាលាបឋមសិក្សា វ៉ាន ស្ទ្រីត (Vine Street) ក្នុងតំបន់ Hollywood កាលពីចន្លោះខែសីហា ឆ្នាំ២០០១ និងខែកក្កដា ឆ្នាំ២០០២ ផងដែរ។
គួរបញ្ជាក់ អង្គភាពការពារអំពើបៀតបៀនផ្លូវភេទលើកុមារនៃប៉ូលិសទីក្រុង ឡូស អាន់ជែឡែស (Los Angeles) បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើជន Roman កាលពីខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីសិស្សរងគ្រោះម្នាក់ បានរាយការណ៍ឲ្យអាជ្ញាធរបានដឹង អំពីទង្វើដ៏ឥតកេរ្តិ៍ខ្មាសរបស់អតីតគ្រូបង្រៀនមុខវិជ្ជាកីឡាខាងលើនេះ៕