(វ៉ាស៊ីនតោន)៖ គេហទំព័រ Military.com បានរាយការណ៍ថា មូលដ្ឋានទ័ពអាកាស Al Dhafra នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្លូវចរាចរណ៍ដ៏ធំមួយសម្រាប់យន្ដហោះចម្បាំង អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា និងជាមូលដ្ឋានយោធាអាមេរិនៅឯបរទេសតែមួយគត់ មានផ្ទុកយន្ដហោះចម្បាំងដ៏មានអានុភាពប្រភេទ F-22 Raptors នោះនឹងត្រូវបានទទួលស្គាល់ ក៏ដូចជាធ្វើប្រតិបត្តិការជាផ្លូវការដោយយោធា និងការទូតអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
មូលដ្ឋានទ័ពអាកាស Al Dhafra បានដំណើរការអស់រយៈពេលជាង ២០ឆ្នាំ មកហើយ ក្រោមការរក្សាការសំងាត់យ៉ាងតឹងរ៉ឹង ហើយបើតាមគេហទំព័រ Military.com យន្ដហោះចម្បាំង អាមេរិកដូចជា KC-10, RQ-4 Global Hawk , E-3 Sentry, U-2 Dragon Lady និង F-22 Raptor ត្រូវបានគេមើលឃើញថា បានហោះចេញចូលមូលដ្ឋានទ័ពអាកាសមួយនេះ។
គួរបញ្ជាក់ថា កងអង្គភាពអាមេរិកដែលកំពុងប្រើប្រាស់មូលដ្ឋានទ័ពអាកាស Al Dhafra ច្រើនជាងគេគឺកងកម្លាំង US Air Force’s 380th Air Expeditionary Wing។ មួយវិញទៀត គិត ចាប់តាំងពីថ្ងៃទី២៦ ខែតុលាមក យន្ដហោះចម្បាំង F-22 Raptors បានហោះចេញចូលមូលដ្ឋានទ័ពអាកាសមួយនេះជាង ៧១៦លើក ដើម្បីដឹកនាំការវាយប្រហារលើទីតាំងពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់៕