(អាមេរិក)៖ នាពេលថ្មីៗយានអវកាស Cassini របស់អង្គការ NASA បានថតយករូបភាព និងបង្កើតចេញជាវីដេអូដ៏អស្ចារ្យមួយ ស្តែងពីចិញ្ចៀន (ខ្សែក្រវាត់) ដ៏ល្បីឈ្មោះរបស់ភពសៅរ៍ (Saturn) ខណៈពេលដែលយានអវកាសមួយនេះ នឹងបូជាជីវិតរបស់ខ្លួននៅទីនោះ នាខែកញ្ញាខាងមុខនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
យានអវកាស Cassini បានថតយករូបចំនួន ២១សន្លឹក ដែលបង្កើតចេញជាឃ្លីបវីដេអូមួយរយៈពេល ០៤នាទី កាលពី១០ថ្ងៃមុន ក្នុងអំឡុងនៃការហោះមុជក្រោយគេបំផុត របស់យានអវកាសនេះ នៅចន្លោះភពសៅរ៍ និងចិញ្ចៀនរបស់វា។ Cassini បាននិងកំពុងធ្វើការហោះបែបនេះ ជារៀងរាល់ ០៦ថ្ងៃកន្លះម្តង ចាប់តាំងតែពីចុងខែមេសាមកម្ល៉េះ ក្នុងអំឡុងដំណាក់កាលបេសកកម្ម Grand Finale របស់វា។
បេសកកម្ម Cassini-Huygens តម្លៃ ៣.២ពាន់លានដុល្លារ ដែលជាកិច្ចប្រឹងប្រែងរួមរបស់ NASA ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសអ៊ីតាលី ISA បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ១៩៩៧ និងទៅដល់គន្លងជុំវិញភពសៅរ៍កាលពីខែកក្កដា ឆ្នាំ២០០៤។ យានធំរបស់ Cassini មានផ្ទុកនូវយានចុះចត (Lander) មួយគ្រឿងមានឈ្មោះថា Huygens ដែលបានចុះទៅដល់ Titan ជាព្រះច័ន្ទធំជាងគេបំផុតរបស់ភពសៅរ៍ កាលពីខែមករា ឆ្នាំ២០០៥។
ក្នុងអំឡុងពេល ១៣ឆ្នាំកន្លងទៅនេះ យានអវកាស Cassini បានបាញ់បញ្ជូនរូបភាពអស្ចារ្យៗរាប់មិនអស់ នៃភពសៅរ៍ផ្ទាល់រួមទាំងព្រះច័ន្ទជាច្រើនទៀតរបស់វា ត្រឡប់មកកាន់ភពផែនដីវិញ និងបានបង្កើតរំបកគំហើញថ្មីៗ ដែលបាននិងកំពុងតែជួយផ្លាស់ប្តូរការយល់ឃើញ របស់អ្នកវិទ្យាសាស្រ្តអំពីប្រព័ន្ធព្រះអាទិត្យ និងសក្តានុពលនៃការទ្រទ្រង់ជីវិតរបស់វា។
យ៉ាងណាមិញ ព័ត៌មានល្អៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលយើងទទួលបានពី Cassini នឹងត្រូវប្រើប្រាស់អស់នាពេលឆាប់ៗខាងមុខជាក់ជាពុំខាន ស្របពេលដែលយានអវកាសនេះ កំពុងតែជិតអស់ប្រេងថែមទៀតនោះ ដូច្នេះយានអវកាសរបស់ NASA មួយនេះ នឹងត្រូវគេទម្លាក់ខ្លួនរបស់វា ចូលទៅក្នុងបរិយាកាសរបស់ភពសៅរ៍ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ ដើម្បីកម្ទេចចោល ជាការធានាថា Cassini នឹងមិនអាចបំពុលព្រះច័ន្ទ Titan និង Enceladus តាមរយៈពពួកមីក្រុបរបស់ភពផែនដីឡើយ (ដោយសារ Titan និង Enceladus ជាគោលដៅស្រាវជ្រាវទៅថ្ងៃមុខ)៕