(សេអ៊ូល)៖ កូរ៉េខាងជើងនាថ្ងៃពុធនេះបានប្រកាសទទួលស្គាល់ ចំពោះការបាញ់មីស៊ីលរយៈចម្ងាយមធ្យមចំនួនមួយគ្រាប់របស់ខ្លួន ដែលបានហោះរំលងប្រទេសជប៉ុនកាលព្រឹកថ្ងៃអង្គារម្សិលមិញ ខណៈប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាង បានបញ្ជាឲ្យមានការធ្វើតេស្តមីស៊ីលបន្ថែមទៀត ទៅលើទីតាំងក្នុងមហាសាគរប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឈរមើលដោយផ្ទាល់ នូវការបាញ់សាកល្បងមីស៊ីលផ្លោងធុន Hwasong-12 ដើម្បីសំដៅតបតប្រឆាំងទៅនឹង សមយុទ្ធយោធារួមរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលកំពុងតែបន្តប្រព្រឹត្តទៅ។ នៅក្នុងសេចក្តីរាយការណ៍របស់ KCNA លោក គីម បានថ្លែងថា ការធ្វើតេស្តមីស៊ីលថ្មីចុងក្រោយបំផុតនេះ គឺជាជំហ៊ានដំបូងនៃប្រតិបត្តិការយោធា របស់កងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ មួយវិញទៀត ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើងរូបនេះបានបន្តថា «វាគឺជារឿងចាំបាច់ខ្លាំងណាស់ ក្នុងការជំរុញឲ្យមានសមយុទ្ធ ធ្វើតេស្តមីស៊ីលផ្លោងបន្ថែមទៀត ដោយមានមហាសមុទ្រប៉ាស៊ីហ្វិក គឺជាគោលដៅនាពេលអនាគត»។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ចេញពីរដ្ឋធានីព្យុងយ៉ាង ដែលមីស៊ីលនោះបានហោះឆ្លងកាត់ដែនអាកាស របស់ប្រទេសជប៉ុនថែមទៀតផង។ មីស៊ីលកូរ៉េខាងជើង រត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់អតិបរមាប្រហែល ៥៥០គីឡូម៉ែត្រ។ នេះបើតាមការអះអាងពីយោធាកូរ៉េខាងត្បូង៕