(ញូយ៉ក)៖ ក្រុមសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងពេញទំហឹងលើកូរ៉េខាងជើង សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃអង្គារ ដោយថែមទាំងចាត់ទុកថា ទង្វើនេះមិនមែនត្រឹមតែជាគំរាមកំហែងនៅក្នុងតំបន់ប៉ុណ្ណោះទេ តែវាគឺជាការគំរាមកំហែងដល់សមាជិក អង្គការសហប្រជាជាតិទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
នៅអំឡុងកិច្ចប្រជុំបន្ទាន់មួយនៅឯទីស្នាក់ការ UN ប្រចាំទីក្រុងញូយ៉ក ដែលរៀបចំឡើងកាលពីថ្ងៃអង្គារ តាមសំណើរបស់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ប្រទេសទាំង ១៥ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានអនុម័តជាឯកច្ឆ័នលើសេចក្ដីថ្លែងការណ៍រួមថ្កោលទោស និងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងរបស់ខ្លួន ព្រមទាំងបោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែរ ក៏ដូចជាចូលរួមជាបន្ទាន់ ក្នុងសកម្មភាពបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ បន្ថែមពីលើនេះ ពួកគេក៏បានសម្ដែងក្ដីព្រួយបារម្ភផងដែរ ដែលកូរ៉េខាងជើងបន្តធ្វើសកម្មភាពបំផ្លាញដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន។
តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ក្រុមប្រឹក្សាសន្តិសុខនៅតែសង្កត់ធ្ងន់ដដែលថា ការអនុវត្តន៍ដំណោះស្រាយ UN ប្រឆាំងនឹងកូរ៉េខាងជើងគឺជារឿងចាំបាច់ ហើយអ្វីដែលរឹតតែចាំបាច់ទៅទៀតនោះគឺដោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងដោយ ការទូត សន្តិវិធី និងនយោបាយ៕