(យូអិន)៖ លោក វ៉ាស៊ីលី ណេប៊ិនស្យា (Vasily Nebenzya) តំណាងជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា វាមិនអាចទៅរួចនោះទេនៅក្នុងការប្រើប្រាស់យោធា ដើម្បីដោះស្រាយបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនោះ ហើយយើងជឿជាក់ថា ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខទៅលើបញ្ហាកូរ៉េខាងជើងនេះ នឹងផ្តល់នូវលក្ខខណ្ឌគ្រប់យ៉ាងដើម្បីដោះស្រាយវិបត្តិ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
លោក ណេប៊ិនស្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើឲ្យស្ថានការណ៍ឧបទ្វីបកូរ៉េ វិលទៅរកភាពធម្មតាវិញនោះ គឺតម្រូវឲ្យភាគីទាំងពីរថយមួយជំហានម្នាក់ នោះគឺកូរ៉េខាងជើងត្រូវបញ្ឈប់ការធ្វើតេស្តមីស៊ីល- នុយក្លេអ៊ែរ ហើយអាមេរិក-កូរ៉េខាងត្បូង ក៏ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធយោធារវាងគ្នា និងការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ ដែលហៅថា THAAD នោះផងដែរ»។ មន្ត្រីទូតតំណាងរុស្ស៊ីខាងលើនេះ ក៏បានសង្កត់ធ្ងន់ដែរថា គំនិតរបស់ប្រទេសចិន និងរុស្ស៊ី គឺតំណាងឲ្យដំណោះស្រាយគ្រប់យ៉ាងដែលអាចយកទៅសម្រួលវិបត្តិនានា ឲ្យប្រសើរឡើងវិញបាន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ ចេញពីតំបន់ ស៊ូណាន (Sunan) ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួនតែម្តង ឆ្ពោះទៅភាគឦសានកាលពីវេលាម៉ោងប្រមាណ ៥៖៥៧នាទីព្រឹក ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងព្យុងយ៉ាង) ហើយវាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងជើងមហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។ ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើងបានហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ ១,១៨០គីឡូម៉ែត្រពីទីនោះ៕