(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី ណូដេរា (Itsunori Onodera) បានគូសបញ្ជាក់ថា មីស៊ីលផ្លោង ដែលកូរ៉េខាងជើង បានបាញ់សាកល្បងរំលងពីលើប្រទេសរបស់លោក កាលពីព្រឹកមិញនេះ អាចរត់ដល់កោះហ្គាំ (Guam) ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកបានយ៉ាងងាយ ដោយសម្អាងថាវាមានរយៈចម្ងាយដល់ទៅ៥,០០០គីឡូម៉ែត្រឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
លោក Onodera បានឲ្យដឹងថា ប្រភេទរបស់មីស៊ីលដែលត្រូវបានបាញ់ដោយទីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃអង្គារនេះ បានសក្តានុពលដែលអាចហោះបានឆ្ងាយរហូតដល់កោះហ្គាំរបស់ សហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារចម្ងាយរត់របស់មីស៊ីលនេះ អាចដល់៥,០០០គីឡូម៉ែត្រ ដូច្នេះហើយវាជាក់ច្បាស់ណាស់ថា វាគឺជាប្រភេទ មីស៊ីលដែលអាចរត់ដល់កោះហ្គាំ។ នាព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន០១គ្រាប់ ដែលបានហោះរំលងប្រទេសជប៉ុន មុនធ្លាក់ចូលទៅក្នុងមហាសាគរ ប៉ាស៊ីហ្វិកនៅចម្ងាយ១,១៨០គីឡូម៉ែត្រ ភាគខាងកើតកោះហុកកៃដូ (Hokkaido) បន្ទាប់ពីវាត្រូវបានបាញ់ចេញពីរដ្ឋធានីព្យុងយ៉ាង កាលពីវេលាម៉ោង៥៖៥៧នាទីព្រឹកថ្ងៃនេះ (ម៉ោងក្នុងទីក្រុងព្យុងយ៉ាងផ្ទាល់) ហើយធ្វើដំណើរបានជាង២,៧០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា បើតាមកងទ័ពជប៉ុនក៏ដូចជាកងទ័ពកូរ៉េខាងត្បូង មីស៊ីលកូរ៉េខាងជើងដែលទើបសាកល្បងមួយគ្រាប់នេះ ទំនងជាប្រភេទ Hawsong-12 ដែលមានរយៈចម្ងាយចន្លោះពី៣,៧០០គីឡូម៉ែត្រដល់៦,០០០គីឡូម៉ែត្រ ខណៈកោះហ្គាំរបស់សហរដ្ឋអាមេរិក ស្ថិតនៅចម្ងាយតែ៣,៤៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសកូរ៉េខាងជើង៕