(បាងកក)៖ អាជ្ញាធរថៃពុំមានគម្រោងភ្លាមៗ ដើម្បីលុបសុពលភាពលិខិតឆ្លងដែន របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បន្ទាប់ពីរូបលោកស្រីបានរត់គេចខ្លួនទៅក្រៅប្រទេសកាលពីសប្តាហ៍កន្លងទៅ មុនការប្រកាសសាលក្រមរបស់តុលាការកំពូលថៃ ជុំរិញរឿងក្តីធ្វេសប្រហែល នៃនយោបាយទិញស្រូវដែលទទួលបរាជ័យរបស់លោកស្រី។ នេះបើតាមការឲ្យដឹងក្រសួងការបរទេសថៃ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បច្ចុប្បន្នមានលិខិតឆ្លងដែនថៃចំនួន ០២ច្បាប់ នៅក្នុងដៃ ដោយមួយជាប្រភេទធម្មតា និងមួយផ្សេងទៀតជាប្រភេទការទូត ក៏ប៉ុន្តែអតីតមេដឹកនាំថៃរូបនេះ ក៏ត្រូវគេជឿជាក់ថា មានកាន់លិខិតឆ្លងដែនទីបីផងដែរ ដែលជាលិខិតឆ្លងដែនបរទេស។ បន្ទាប់ពីត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរថា តើក្រសួងការបរទេស នឹងដកហូតសុពលភាពលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់ ដែរឬយ៉ាងណានោះ រដ្ឋមន្រ្តីការបរទេសថៃ បានឆ្លើយតបថា «បញ្ហានេះមិនទាន់ទៅដល់ដៃក្រសួងការបរទេសនៅឡើយទេ ខណៈក្រសួងមិនទាន់ដោះស្រាយលើរឿងនេះឡើយ»។ ជាមួយគ្នានេះ អ្នកនាំពាក្យម្នាក់របស់ក្រសួងបានបង្ហើបឲ្យដឹងថា លោកមិនអាចបញ្ជាក់ឲ្យច្បាស់ថា តើលោកស្រី យីងឡាក់ មានកាន់លិខិតឆ្លងដែនបរទេសដែរ ឬក៏អត់នោះឡើយ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មានវ័យ ៥០ឆ្នាំ ពុំបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលថៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាកាលកំណត់នៃការប្រកាសសាលក្រមលើរឿងក្តីប្រឆាំងរូបលោកស្រីឡើយ ដែលប្រការនេះបានធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់ របស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ដែលបាននាំគ្នាទៅប្រមូលផ្តុំគ្នា ក៏ដូចជារង់ចាំនៅឯតុលាការកំពូលនោះ មានភាពភ្ញាក់ផ្អើលជាខ្លាំង។
ជុំវិញការមិនបង្ហាញខ្លួននេះ ក្រុមមន្រ្តីជាន់ខ្ពស់នៃគណបក្សភឿថៃ (Pheu Thai) របស់លោកស្រី បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហានេះមកម្ល៉េះ លោកស្រី យីងឡាក់ បានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃបាត់ហើយ ជាទីដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បងប្រុសបង្កើតរបស់លោកស្រី កំពុងតែរស់នៅ៕