(ញូដេលី)៖ គ្រោះមហន្តរាយទឹកជំនន់ដ៏មហាសែនអាក្រក់ ដែលកំពុងបង្កទុក្ខលំបាកនៅក្នុងរដ្ឋប៊ីហារ (Bihar) ភាគខាងកើតប្រទេសឥណ្ឌា បានផ្តល់ជីវិតមនុស្សអស់ចំនួន ៥១៤នាក់ហើយពេញមួយខែសីហានេះ ដែលគ្រោះមហន្តរាយដ៏អាក្រក់ មិនធ្លាប់កើតមានក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ។ នេះបើតាមក្រុមមន្រ្តីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឥណ្ឌា ស្ថានភាពនៃគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Bihar នៅតែបន្តភាពអាក្រក់ខ្លាំងដដែល នៅក្នុងស្រុក សាម៉ាស្ទីភើ (Samastipur), មូហ្សាហ្វាភើ (Muzaffarpur), និង ដាបហាងហ្គា (Darbhanga) ជាដើមស្របពេលដែលទន្លេ ប៊ួរី ហ្គានដាក (Burhi Gandak) និង បាហ្គម៉ាទី (Bagmati) កំពុងតែមានការជន់ជោរខ្លាំង លើសពីកម្រិតគ្រោះថ្នាក់ទៅហើយ។
គិតមកទល់ថ្ងៃអង្គារនេះ គ្រោះធម្មជាតិខាងលើបានជះផលប៉ះពាល់ ដល់ប្រជាជនឥណ្ឌាប្រមាណ ១៧.១លាន នាក់នៅតាមស្រុកចំនួន ២១ នៃរដ្ឋ Bihar ខណៈមនុស្សសរុប ៥១៤នាក់ បានបាត់បង់ជីវិតនៅទូទាំងរដ្ឋនេះ ដោយសារតែទឹកជំនន់។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់តំបន់ ក៏បានប្រកាសផ្តល់ជំនួយជាថវិកាប្រមាណ ៦,២៥៨ដុល្លារ ដល់គ្រួសារទាំងឡាយណា ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងគ្រោះមហន្តរាយនេះផងដែរ។
គួរបញ្ជាក់ថា ទន្ទឹមនឹងនេះចំនួនមនុស្សស្លាប់នៅក្នុងរដ្ឋ យូតាប្រាដេស (Uttar Pradesh) ដែលបាននិងកំពុងតែរងគ្រោះ ដោយសារតែទឹកជំនន់ដូចគ្នានោះ បានកើនឡើងដល់ ១០៩នាក់ហើយ ខណៈមនុស្សប្រហែល ២.៥លាននាក់នៅទីនោះរងផលប៉ះពាល់៕