(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានអះអាងថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់ភាគខាងជើងជប៉ុននាព្រឹកថ្ងៃអង្គារនេះ គឺជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
មន្រ្តីយោធាដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា កងទ័ពកូរ៉េខាងត្បូង បច្ចុប្បន្នបានធ្វើការវាយតម្លៃក៏ដូចជាស្ទាបស្ទង់ឃើញថា មីស៊ីលកូរ៉េខាងជើងមានប្រភេទជាមីស៊ីលផ្លោង IRBM ដែលទើបត្រូវបានអភិវឌ្ឍន៍ថ្មីរបស់ទីក្រុងព្យុងយ៉ាង គឺមីស៊ីលផ្លោង Hwasong-12 ខណៈមីស៊ីលនេះធ្លាប់ត្រូវបានកូរ៉េខាងជើងអះអាង កាលពីពាក់កណ្តាលខែឧសភាកន្លងទៅថា ត្រូវបានធ្វើតេស្តបាញ់សាកល្បងដោយជោគជ័យ ដោយកាលនោះវារត់បានចម្ងាយប្រមាណ ៧៨០គីឡូម៉ែត្រ ហើយឡើងដល់កម្ពស់អតិបរមា ២,១១០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JSC) នាព្រលឹមថ្ងៃអង្គារនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួនមួយគ្រាប់ ចេញពីតំបន់មួយកន្លែង ស្ថិតក្នុងរដ្ឋធានីព្យុងយ៉ាងតែម្តង ឆ្ពោះទៅកាន់ភាគឦសាន និងហោះឆ្លងកាត់កោះហុងកៃដូ (Hokkaido) ភាគខាងត្បូងប្រទេសជប៉ុន មុនធ្លាក់ចូលដែនទឹកក្នុងមហាសាគរប៉ាស៊ីហ្វិក បន្ទាប់ពីរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ ៥៥០គីឡូម៉ែត្រ៕