(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ទីបំផុតបានឯកភាពគ្នាថា ខណៈពេលនេះពុំមែនជាពេលដ៏សាកសម ដើម្បីធ្វើការចរចាជាមួយប្រទេសកូរ៉េខាងជើងនោះឡើយ នៅក្នុងអំឡុងនៃការជួបសន្ទនាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលត្រូវបានធ្វើឡើង ក្រោយសកម្មបង្កហេតុនៃការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម របស់ទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃដដែលនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo News និងដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានខាងលើ ក្រុមមន្រ្តីជាន់ខ្ពស់ជប៉ុនបានឲ្យដឹងថា លោក ត្រាំ និងលោក អាបេ បានមូលមតិគ្នាថា ការធ្វើតេស្តមីស៊ីលដ៏គគ្លើននាលើកនេះ ដែលបានរត់រំលងដែនអាកាសរបស់ប្រទេសជប៉ុននោះ បានស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ឥឡូវនេះ ពុំមែនជាពេលវេលាសាកសម សម្រាប់ការចរចាជាមួយកូរ៉េខាងជើងឡើយ ហើយមេដឹកនាំនៃប្រទេសទាំងពីរ បានយល់ស្របថា ការដាក់សម្ពាធកាន់តែខ្លាំងថែមទៀត គឺជារឿងដ៏ចាំបាច់បំផុត។
នាឱកាសជួបសន្ទនាគ្នាពីចម្ងាយនេះ លោក ដូណាល់ ត្រាំ បានផ្តល់ទំនុកចិត្តជាថ្មីម្តងទៀត អំពីការប្តេជ្ញាការពាររបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តជប៉ុន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនគឺនឹងស្ថិតនៅជាមួយទីក្រុងតូក្យូ ១០០ភាគរយតែម្តង។ ក្រៅពីនេះ លោក ត្រាំ និងលោក អាបេ ក៏មានទស្សនៈយល់ឃើញដូចគ្នាផងដែរថា តួនាទីរបស់ចិនក៏ដូចជារុស្ស៊ី មានសារៈសំខាន់ជាខ្លាំង នៅក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា នាព្រលឹមថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួនមួយគ្រាប់ ចេញពីតំបន់មួយកន្លែង ស្ថិតក្នុងរដ្ឋធានីព្យុងយ៉ាងតែម្តង ឆ្ពោះទៅកាន់ភាគឦសាន ហើយហោះឆ្លងកាត់កោះហុងកៃដូ (Hokkaido) ជាកោះធំនៃភាគខាងជើងប្រទេសជប៉ុន មុនធ្លាក់ចូលដែនទឹកក្នុងមហាសាគរប៉ាស៊ីហ្វិក បន្ទាប់ពីរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ ៥៥០គីឡូម៉ែត្រ៕