(អាមេរិក)៖ បេសកកម្មបន្ទាប់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA មានឈ្មោះថា InSight ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០១៨ខាងមុខនោះ នឹងផ្តោតសំខាន់ទៅលើការស្រាវជ្រាវផ្ទៃស្រទាប់ខាងក្នុងដ៏សែនជ្រៅរបស់ភពព្រះអង្គារ (Mars)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NASA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមអង្គការ NASA បេសកកម្ម InSight ត្រូវគេរំពឹងថា នឹងត្រូវបាញ់បង្ហោះក្នុងពេលណាមួយ នៅអំឡុងពេល ០៥សប្តាហ៍ ក្រោយថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ភាគកណ្តាលកាលីហ្វរញ៉ា ខណៈការចុះចតនៅលើភពអង្គារ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅក្រោយបុណ្យ Thanksgiving ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅចុងខែវិច្ឆិកា ឆ្នាំក្រោយ។
គួរបញ្ជាក់ថា InSight គឺជាបេសកកម្មដំបូងបំផុត របស់ទីភ្នាក់ងារអវកាស NASA ដែលធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទៅលើស្រទាប់ជ្រៅផ្នែកខាងក្នុងនៃភពអង្គារ និងស្ថិតក្រោមក្របខណ្ឌនៃបេសកកម្មរុករកទីអវកាស ដែលកំពុងជួយក្នុងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពក្រហមនេះ នៅខ្ទង់ទសវត្សរ៍២០៣០។ ម៉្យាងវិញទៀត ព័ត៌មានថ្មីៗដែលប្រមូលបានពីយានអវកាសបន្ទាប់នេះរបស់ NASA នឹងនឹងជួយបង្កើនការយល់ដឹងរបស់យើងថែមទៀត ស្តីពីរបៀបនៃការកកើតឡើងរបស់ភពមានសណ្ឋានជាថ្មទាំងអស់ រួមទាំងភពផែនដីផងដែរ។
ភពអង្គារនៅតែជាកន្លែងដែលនាំមុខ សម្រាប់មនុស្សលោកទៅធ្វើអាណានិគម បន្ទាប់ពីព្រះច័ន្ទ។ សម្រាប់គំរោងរបស់ NASA នឹងនាំមនុស្សទៅកាន់ភពនេះនៅឆ្នាំ២០៣០ ប៉ុន្តែមុននឹងមនុស្សទៅដល់ទីនោះ យើងត្រូវធ្វើការសិក្សាពីស្ថានភាពទូទៅរបស់ភពក្រហមនេះនៅតែម្តង ដូចជាការរកទឹកនៅក្នុងផ្ទៃស្រទាប់ក្នុង និងការបង្ហោះយានគំរូសាកល្បងនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០២០៕