(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានដឹកនាំ​ការធ្វើសមយុទ្ធ​យោធា​ទម្លាក់គ្រាប់បែក ភ្លាមៗ​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយកូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយមធ្យមមួយ​គ្រាប់ ធ្លាក់ចូលក្នុងដែនទឹក​ភាគឦសានប្រទេសជប៉ុនតែម្តង។ ព្រមពេលជាមួយគ្នា យោធាកូរ៉េខាងត្បូង ក៏បាន​គំរាមដែរថា ខ្លួននឹងរួមដៃជាមួយ​សហរដ្ឋអាមេរិកចាត់វិធានការ​សងសឹក បើសិនជា​ទីក្រុងព្យុងយ៉ាង​នៅតែ បង្ករឿងរបៀបនេះ​តទៅទៀត។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

ការធ្វើសមយុទ្ធយោធា​បានតែសម្ញែង​ឬទ្ធិនេះ ធ្វើឡើងនៅក្បែរតំបន់​ព្រំដែនអន្តរកូរ៉េ​នៃទីក្រុង តែបែក (Taebaek) តាមការបង្គាប់បញ្ជា​របស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដោយមាន​ការចូលរួមពី យន្ដហោះ F15K ០៤គ្រឿង ធ្វើការទម្លាក់គ្រាប់បែក MK84 ០៨គ្រាប់ ដែលមួយគ្រាប់​មានទម្ងន់​មួយតោន។ នេះបើតាមអ្នក​នាំពាក្យវិមានប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូន យាងចាន់ (Yoon Young-chan)។
លោក Yoon បានបញ្ជាក់​ទៀតថា លោក មូន បានបញ្ជាឱ្យ​ធ្វើសមយុទ្ធយោធា​ទម្លាក់គ្រាប់បែក​នេះភ្លាមៗ បន្ទាប់ពីក្រុមប្រឹក្សា​សន្តិសុខជាតិ ជួបប្រជុំគ្នាពីលទ្ធភាព​ចាត់វិធានការ​ឆ្លើយតប ទៅនឹងការបាញ់សាកល្បង មីស៊ីលផ្លោង​របស់​កូរ៉េខាងជើង។ ទោះបីជាយ៉ាងនេះក្ដី នេះមិនមែនជា​លើកទី១ឡើយ ដែល​កូរ៉េខាងត្បូង ធ្វើសមយុទ្ធ​យោធា និងព្រមានសងសឹកលើ​កូរ៉េខាងជើង ហើយម្យ៉ាងវិញទៀត​បើតាមក្រុម​អ្នកជំនាញខ្លះ គឺកូរ៉េខាងត្បូង​ទៅវិញទេ ដែលជាអ្នកខ្លាច​សង្រ្គាមជាមួយកូរ៉េខាងជើង​ផ្ទុះឡើង ត្បិតបើសង្រ្គាម​ផ្ទុះឡើងអ្នករងគ្រោះ​ធ្ងន់ធ្ងរ គឺទីក្រុងសេអ៊ូលហ្នឹងហើយ ខណៈកូរ៉េខាងជើង​គ្មានសេដ្ឋកិច្ច​អ្វីត្រូវខាតបង់​ច្រើន​ឡើយ ព្រោះវាបាន និងកំពុង​ខាតបង់​ខ្លាំងរួចទៅហើយ ដោយសារតែ​ទណ្ឌកម្មរបស់​សហគមន៍​អន្តរជាតិ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចំងាយ​មធ្យមមួយគ្រាប់ ចេញពីតំបន់ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅភាគឦសានកាលពី​វេលាម៉ោងប្រមាណ ៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះ​ឆ្លងកាត់ផ្ទៃមេឃពី​លើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូង មហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។ ចំណែកឯ រដ្ឋាភិបាលជប៉ុនក៏បានអះអាងដែរថា មីស៊ីលនេះបាន ហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុនហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ
១,១៨០គីឡូម៉ែត្រពីទីនោះ៕