(វ៉ាស៊ីនតោន)៖ ខណៈក្រុមហ៊ុន Samsung កំពុងកើបលុយពីការលក់កំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy S8 និង S8+ ព្រមទាំងត្រៀមដាក់លក់ Galaxy Note 8 នៅលើទីផ្សារនោះ ក្រុមយក្ស Apple ឯណោះវិញ ត្រូវបានគេរំពឹងថា នឹងប្រកាសពីទូរស័ព្ទ iPhone 8 ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ គឺនៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះបើតាមកាសែត Wall Street Journal ក្រុមហ៊ុន Apple ក៏នឹងតៀមរៀបចំខួបគំរប់ ១០ឆ្នាំផងដែរ គិតចាប់តាំងពីការប្រកាសដាក់លក់ Iphone ជាលើកដំបូងមក ស្របពេលអតិថិជនកំពុងទន្ទឹមរង់ចាំមើលថា iPhone ជំនាន់ថ្មីនឹងមានអ្វីប្លែកខ្លះ។ មួយវិញទៀត បើទោះជា Apple មិនទាន់អះអាងពី iPhone ជំនាន់ថ្មីរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែពាក្យចចាមអារ៉ាម បាន និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះនឹងបញ្ចេញ iPhone 8 រីឯអ្នកខ្លះទៀតថា iPhone X ដែលមានបំពាក់បច្ចេកវិទ្យាស្កែនផ្ទៃមុខ លែងមានប៊ូតុង Home និងមានផ្ទៃអេក្រង់លាតធំស្ទើរគ្មានគែម ហើយមានតម្លៃជិត ១,០០០ដុល្លារ នៅលើទីផ្សារអាមេរិក។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Samsung ទើបតែបញ្ចេញ Galaxy Note 8 មានផ្ទៃអេក្រង់លាតស្ទើរគ្មានគែម ប្រើប្រាស់បច្ចកវិទ្យាស្កែនផ្ទៃមុខ និងសាកថ្មដោយមិនប្រើខ្សែ (Wireless) ដូច្នេះតើ iPhone 8 អាចមានអ្វីថ្មីលើសពីទូរស័ព្ទរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង? ចម្លើយនឹងត្រូវបង្ហាញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះហើយ ដោយលទ្ធផលទំនងជា Apple អាចបញ្ចេញ iPhone 8 ដើម្បីកុំឲ្យបច្ចេកវិទ្យារបស់ខ្លួនស្ថិតនៅឆ្ងាយពីគេឯងពេក ខណៈ iPhone 7s និង 7s plus ក៏អាចនឹងបង្ហាញវត្តមានបន្ថែមទៀតក៏ថាបាន៕