(ប៉េកាំង)៖ ផ្លូវ highway នៅតាមបណ្ដោយទន្លេលឿង (Yellow River) ស្ថិតនៅភាគពាយ័ព្យប្រទេសចិន បានបើកឱ្យចរាចរណ៍ជាផ្លូវការហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយវាមានប្រវែង ៨២៨គីឡូម៉ែត។ នេះបើតាមការចេញផ្សយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រសួងដឹកជញ្ជូនចិន ផ្លូវ highway នេះត្រូវចំណាយប្រាក់ជាង០១ពាន់លានដុល្លារក្នុងស្ថាបនា កាត់តាមស្រុកចំនួន ១២ ក៏ដូចជានឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនច្រើនជាង ០២លាននាក់ ហើយតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅក្នុងខេត្ត Shaanxi ក្នុងនោះរួមមានទាំងតំបន់ទឹកធ្លាក់ ហ៊ូកូវ (Hukou Waterfall) និងតំបន់ភ្នំ ហួសាន (Huashan) ដែលជាភ្នំដ៏ពិសិដ្ឋមួយ នៃចំណោមភ្នំទាំង ០៥ របស់ចិន។
បន្ថែមពីលើនេះផ្លូវ highway មួយនេះ ក៏ភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿន ០៩ខ្សែទៀត និងផ្លូវ Highway សំខាន់ៗចំនួន ១៣ រួមទាំងផ្លូវចំនួន ៨០ នៅតាមតំបន់ជនបទផងដែរ។ រូបទាំងឡាយខាងក្រោមនេះ បានបង្ហាញអំពីសមត្ថភាពនៃផ្នែកវិស្វកម្មរបស់ចិន ក្នុងការកសាងផ្លូវ និងស្ពាន ឆ្លងកាត់ដងជ្រោះជ្រៅៗ និងជ្រលងភ្នំក្រំថ្មនានា ប្រកបដោយភាពគ្រោះថ្នាក់បំផុត តែនៅតែអាចសម្រេចជោគជ័យបាន៕