(វ៉ាស៊ីនតោន)៖ មន្ទីបញ្ចកោណបានទទួលស្គាល់ហើយថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលមួយគ្រាប់ ហោះរំលងប្រទេសជប៉ុនប្រាកដមែន ប៉ុន្តែមីស៊ីលនេះមិនបានគំរាមកំហែងអ្វី ដល់សហរដ្ឋអាមេរិក ឬក៏តំបន់អាមេរិកខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មន្ទីបញ្ចកោណបានបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចអះអាងបានថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បង ពិតជាបានហោះរំលងលើប្រទេសជប៉ុន... ហើយយើងកំពុងវិភាគលើការធ្វើតេស្ដនេះនៅឡើយ»។ ដោយឡែកបើតាមយោធាកូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងតែម្តង ឆ្ពោះទៅភាគឦសានកាលពីវេលាម៉ោងប្រមាណ ៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូងមហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។
ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើងបានហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ ១,១៨០គីឡូម៉ែត្រពីទីនោះ។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយនោះឡើយ ដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុនបែបនេះ ដោយករណីលើកមុននោះ បានកើតឡើងកាលពីឆ្នាំ២០០៩ ហើយទង្វើនេះក៏ប្រៀបដូចជាការប្រមាថមើលងាយថែមទៀតផងដែរ ចំពោះមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនៅតែព្យាយាមចង់បើកកិច្ចចរចាសាជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងតូក្យូផ្ទាល់ បានថ្កោលទោសខ្លាំងៗលើសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងថា គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរពុំធ្លាប់មាន ខណៈនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានពិភាក្សាតាមទូរស័ព្ទជាបន្ទាន់ជាមួយ លោក ដូណាល់ ត្រាំ ផងដែរអំពីការបាញ់មីស៊ីលដ៏គគ្លើនបំផុតនាលើកនេះ៕