(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនាថ្ងៃអង្គារនេះ ដើម្បីជជែកពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលផ្លោងយ៉ាងគគ្លើនចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់ប្រទេសជប៉ុន តបតាមការស្នើសុំពីសំណាក់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់ខាងលើត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងតែម្តង ឆ្ពោះទៅភាគឦសានកាលពីវេលាម៉ោងប្រមាណ៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូងមហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។ ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើងបានហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ ១,១៨០គីឡូម៉ែត្រពីទីនោះ។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយនោះឡើយ ដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុនបែបនេះ ដោយករណីលើកមុននោះ បានកើតឡើងកាលពីឆ្នាំ២០០៩ ហើយទង្វើនេះក៏ប្រៀបដូចជាការប្រមាថមើលងាយថែមទៀតផងដែរ ចំពោះមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនៅតែព្យាយាមចង់បើកកិច្ចចរចាសាជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងតូក្យូផ្ទាល់ បានថ្កោលទោសខ្លាំងៗលើសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងថា គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរពុំធ្លាប់មាន ខណៈនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានពិភាក្សាតាមទូរស័ព្ទជាបន្ទាន់ជាមួយ លោក ដូណាល់ ត្រាំ ផងដែរអំពីការបាញ់មីស៊ីលដ៏គគ្លើនបំផុតនាលើកនេះ៕