(សេអ៊ូល)៖ ទាំងព្រឹកព្រលឹមថ្ងៃអង្គានេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលសាជាថ្មីម្តងទៀត ដោយលើកនេះទីក្រុងព្យុងយ៉ាង បានបាញ់រំលងប្រទេសជប៉ុនទៅធ្លាក់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន ចំនួនបីគ្រាប់ បានទទួលបរាជ័យក្នុងការសាកល្បងកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងតែម្តង កាលពីវេលាម៉ោងប្រមាណជា៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូងមហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ៥៥០គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើង បានហោះឆ្លងកាត់ពីលើតំបន់ភ្នំ Cape Erimo ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ១,១៨០គីឡូម៉ែត្រពីទីនោះ។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយនោះឡើយ ដែលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុនបែបនេះ ដោយករណីលើកមុននោះ បានកើតឡើងកាលពីឆ្នាំ២០០៩ ហើយទង្វើនេះក៏ប្រៀបដូចជាការប្រមាថមើលងាយថែមទៀតផងដែរ ចំពោះមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនៅតែព្យាយាមចង់បើកកិច្ចចរចាសាជាថ្មីជាមួយទីក្រុងព្យុងយ៉ាង។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងតូក្យូផ្ទាល់ បានថ្កោលទោសខ្លាំងៗលើសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងថា គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរពុំធ្លាប់មាន ខណៈនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានពិភាក្សាតាមទូរស័ព្ទជាបន្ទាន់ ជាមួយលោក ដូណាល់ ត្រាំ ផងដែរអំពីការបាញ់មីស៊ីលដ៏គគ្លើននាលើកនេះ៕