(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌានៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានឈានដល់ការឯកភាពគ្នា ដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជាទីដែលកងទ័ព ប្រទេសទាំងពីរប៉ះទង្គិចគ្នាដោយប្រើដុំថ្មគប់ដាក់ទៅវិញទៅមក អស់រយៈពេលជាងពីរខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ការឯកភាពគ្នា កើតមានឡើងនៅមុនកិច្ចប្រជុំកំពូល BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ត្រូវប្រព្រឹត្តទៅក្នុងប្រទេសចិន នៅដើមខែក្រោយនេះ។ ដោយឡែកជុំវិញការសម្រេច នេះដែរ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ឥណ្ឌា និងចិនបានរក្សាទំនាក់ទំនងការទូត ពាក់ព័ន្ធនឹងឧទ្ទវហេតុកើតឡើងនៅឯតំបន់ ដុកឡេម (Doklam) នៃជួរភ្នំហិម៉ាឡៃ (Himalayas)... ហើយឈរលើមូលដ្ឋាននេះ ភាគីទាំងពីរបានយល់ព្រមដកកងទ័ព ចេញពីតំបន់ប្រឈមមុខដាក់គ្នានៅក្នុងតំបន់ Doklam ឱ្យបាន ឆាប់រហ័ស»។
គួរបញ្ជាក់ថា បើតាមទីក្រុងញូដេលី ជម្លោះនៅព្រំដែនបានផ្ទុះឡើងបន្ទាប់ពីឥណ្ឌាចេញមុខជំទាស់នឹងចិន ដែលបានសាងសង់ផ្លូវកាត់តាមតំបន់ជម្លោះ។ ក៏ប៉ុន្តែការប៉ះទង្គិចគ្នាបន្តិចបន្តួច តែងតែកើតឡើងជារឿយៗ នៅតាមផ្នែកខ្លះនៃតំបន់ព្រំដែនជម្លោះមានប្រវែង ៣,៥០០គីឡូម៉ែត្រ ដោយវាក៏បានបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងជម្លោះប្រដាប់អាវុធអាចនឹងផ្ទុះឡើងផងដែរ ខណៈ មហាយក្សនៅអាស៊ីទាំងពីរ កំពុងដណ្ដើមគ្នាពង្រីកឥទ្ធិពលនៅក្នុងតំបន់៕