(បរទេស)៖ រដ្ធាភិបាលរបស់លោកប្រធានាធិបតី រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានប្រមូលផ្ដុំយ៉ាងឆាប់រហ័ស ជាមួយនិងប្រទេសកាតានាពេលថ្មីៗនេះ មិនមែនដោយសារពួកគេបានចែករំលែកការប្រកាន់ខ្ជាប់ នៃមនោគមវិជ្ជាស្រដៀងនឹងគ្នានៅក្នុង ឫសគល់សាសនាអ៊ីស្លាមនោះទេ ក៏ប៉ុន្តែដោយសារតែមានការគាំទ្រ ជាជំនួយទៅដល់ពួកសកម្មប្រយុទ្ធអាល់កៃដា និងពួកជីហាដដទៃទៀតនៅស៊ីរី តាមរយៈរដ្ឋាភិបាលទួកគី។
អង្គការ Qatar Charity (សប្បុរសធម៌កាតា) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសមួយ ដែលបានជំនួយពីរដ្ឋាភិបាលនៅទីក្រុងដូហា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនយោបាយរបស់កាតា គឺកំពុងប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងប្រទេសតួកគីជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាលលោក Erdoğan។ វាបានផ្តល់ជំនួយទៅឱ្យក្រុមដូចជាមូលនិធិដើម្បីសិទិ្ធមនុស្សនិងសេរីភាព និងជំនួយមនុស្សធម៌ (İnsan Hak ve Hürriyetleri ve İnsani Yardım Vakfı or IHH ជាភាសាទួកគី) ដែលត្រួវបានគេដឹងថា ជាអង្គការដែលផ្តល់ជំនួយដូចជាអាវុធ និងការដឹកជញ្ចូនផ្សេងៗទៅក្រុមជីហាដនៅស៊ីរី និងលីប៊ី។
នៅពេលដែលគេធ្វើការស៊ើបអង្កេតសម្ងាត់ ទៅលើអាល់កៃដានៅក្នុងប្រទេសទួកគី ដែលកំពុងប្រតិបត្តិការនៅភាគខាងកើតខេត្តវ៉ាន ក្បែរព្រំដែនអ៊ីរ៉ង់ត្រូវបានគេបង្ហាញជាសាធារណៈ ដោយការវាយឆ្មក់នៅលើការិយាល័យរបស់ IHH នៅខេត្តគីលីសនៅជិតព្រំដែនស៊ីរី។ ការវាយឆ្មក់នោះធ្វើឡើងបន្ទាប់ពី អ្នកស៊ើបអង្កេតសម្ងាត់បានរកឃើញថា មានបុរសម្នាក់ដែលធ្វើការនៅ IHH គឺធ្វើការជាមួយនិងក្រុមអាល់កៃដាដែលនៅក្នុងប្រទេសទួកគី ដែលបានយកសប្បុរសធម៌ធ្វើជាការលាក់កំបាំង នៃការផ្គត់ផ្គង់ដល់ពួកសកម្មប្រយុទ្ធនៅស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលក្រុមអ្នកស៊ើបអង្កេតបានជីករកភស្តុតាង ដែលបានរឹបអូសនោះលោក Erdoğan បានរារាំងការស៊ើបអង្កេត ដើម្បីការពារសហការីរបស់លោក ដែលកំពុងប្រើប្រាស់ការដឹកជញ្ជូនទៅកាន់ពួកជីហាដ នៅតាមព្រំដែនតួកគី និងស៊ីរី។ យោងតាមរដ្ឋអាជ្ញារបស់អាមេរិក អង្គការ Qatar Charity បានដើរតួជាផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ សម្រាប់ផ្តល់ជំនួយដល់ការវាយប្រហាររបស់អាល់កៃដា ប្រឆាំងនឹងស្ថានទូតអាមេរិកនៅប្រទេសកេនយ៉ា និងតង់ហ្សានីក្នុងឆ្នាំ១៩៩៨។
នៅក្នុងករណីភេរវកម្មឆ្នាំ២០០២ គេបានកត់សម្គាល់ថា អូសាម៉ា ប៊ិនឡាដិន ត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ Qatar Charity ដើម្បីផ្តល់មូលនិធិដល់សកម្មភាពរបស់អាល់កៃដា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ភ្នាក់ងារស៊ើបការណ៍បារាំង បានកត់សម្គាល់នៅក្នុងឆ្នាំ២០១៣ ថា Qatar Charity បានចូលរួមនៅក្នុងការផ្តល់មូលនិធិដល់ក្រុមមួយនៅក្នុងប្រទេសម៉ាលី ដែលមានទំនាក់ទំនងជាមួយអាល់កៃដា។
រដ្ឋដែលនៅតំបន់អារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌីត បានដាក់អង្គការសប្បុរសធម៌នោះ ជាផ្នែកនៃក្រុមភេរវកម្មដោយសារតែជាប់នឹងការចោទប្រកាន់ថា ជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមភេរវករ រួមទាំងក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងឡេវ៉ាន់ (ISIL) និងចលនាបងប្អូនម៉ូស្លីម (the Muslim Brotherhood)។
វាច្បាស់ណាស់ថា Qatar Charity និងផែនការរបស់ លោក Erdoğan ក្នុងការផ្លាស់ប្តូរប្រទេសតួកគីចេញពីលទ្ធិប្រជាធិបតេយ្យ ដោយបញ្ចូនមូលនិធិទៅឱ្យក្រុមដ៏ចម្រូងចម្រាសដូចជា IHH ដែលកំពុងពាក់ព័ន្ធក្នុងការធ្វើឱ្យខូចដល់ រចនាសម្ព័ន្ធរបស់ប្រទេស។ ដរាបណារដ្ឋាភិបាលរបស់លោក Erdogan នៅតែការពារបណ្តាញទាំងនេះ វានិងមិនអាចទៅរួចទេក្នុងការស៊ើបអង្កេត ពីចំនួនប្រាក់សំរាប់ធ្វើការងារសប្បុរសធម៌ និងចំនួនលុយត្រូវបានគេបង្វែរទៅឱ្យក្រុមភេរវកម្ម និងក្រុមជម្លោះប្រដាប់អាវុធ។
ប្រែសម្រួលពីវែបសាយព័ត៌មាន៖ Turkish Minute