(ប៉េកាំង)៖ ចិននិងរុស្ស៊ី គ្រោងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីប្រតិបត្តិការរុករកក្នុងទីអវកាស គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយក្នុងនោះក៏រួមមានបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ឋានព្រះច័ន្ទសាជាថ្មីម្តងទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងខាងលើត្រូវគេរំពឹងថា នឹងទទួលបានការចុះហត្ថលេខាពីប្រទេសទាំងពីរ នាខែតុលាខាងមុខ ហើយនឹងផ្តល់សារៈប្រយោជន៍ជាខ្លាំងដល់ប្រជាជាតិទាំងពីរនេះ ជាពិសេសនៅក្នុងបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ឋានព្រះច័ន្ទនាពេលខាងមុខតែម្តង។ គំនិតក៏ដូចជាលទ្ធភាព នៃការបញ្ជូនមនុស្សសាជាថ្មីម្តងទៀត ទៅកាន់ឋានព្រះច័ន្ទនោះ ត្រូវបានគេលើកឡើងមកពិភាក្សាតាំងពីយូរមកហើយ ក៏ប៉ុន្តែក្រោយពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងចិន-រុស្ស៊ី ក្តីបំណងនេះទំនងជាអាចនឹងប្រែក្លាយជាទៅជាការពិតបាន។
គួរបញ្ជាក់ថា កិច្ចព្រៀងទ្វេភាគីនេះ ពុំមែនជាកិច្ចព្រមព្រៀងផ្នែកអវកាសលើកទីមួយរវាងចិន និងរុស្ស៊ីឡើយ ក៏ប៉ុន្តែវាគឺជាកិច្ចព្រមព្រៀងដំបូងបំផុត ដែលស្តីពីកិច្ចសហប្រតិបត្តិជាដៃគូ មានរយៈពេលដល់ទៅ ០៥ឆ្នាំបែបនេះ ខណៈវាគឺជារយៈពេលមួយ ដែលអនុញ្ញាតឲ្យគម្រោងនិងគោលដៅ ប្រកបដោយមហិច្ឆតាជាច្រើនទៀត អាចសម្រេចបាន៕