(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ប្រាប់​មន្រ្តីប៉ូលិសថា ពួកគេអាចបាញ់​សម្លាប់ជនឆោតល្ងង់​ទាំងឡាយណា ដែលព្យាយាម​ប្រឆាំង​តបតដោយហិង្សា ចំពោះការចាប់ខ្លួន​របស់អាជ្ញាធរបាន បន្ទាប់ពីកើតមានការតវ៉ាពីសំណាក់​ក្រុមបាតុកររាប់រយនាក់ ទៅ​លើសង្រ្គាម​​បង្រ្កាប​​គ្រឿង​ញៀន​របស់លោក។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងទីបញ្ចុះ​សពវីរៈបុរស Hero's Cemetery ស្ថិតនៅជាយនៃរដ្ឋធានីម៉ានីល លោក ឌូតឺតេ បានថ្លែងទៅ​កាន់លោក ចូវី អេស្ពែនីដូ (Jovie Espenido) មេ​បញ្ជា​ការ​ប៉ូលិស​​នៃ​ទីក្រុងមួយ​នៅភាគខាងត្បូង​ប្រទេស ជាទីដែលអភិបាល​ទីក្រុងនោះ បានបាត់​បង់ជីវិត នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿង។ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រាប់​មន្រ្តីប៉ូលិសរូបនោះដូច្នេះ​ថា «កាតព្វកិច្ច​របស់លោក តម្រូវឲ្យលោក​យកឈ្នះលើសកម្មភាព​ប្រឆាំងតបត​របស់បុគ្គល ដែលលោកត្រូវ​ចាប់ខ្លួន... បើសិន​ជា​ជន​ណា​ មិនព្រម​សហការ ហើយប្រើអំពើ​ហិង្សាទៀតនោះ អ្នកមានសិទ្ធិបាញ់សម្លាប់ជនល្ងង់ៗ​ទាំងនោះបានភ្លាម, នេះគឺជាបញ្ជា​របស់ខ្ញុំទៅ​កាន់លោក»។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គា ឌូតឺតេ បានបើកយុទ្ធនាការ​ដ៏ក្តៅគគុកនេះ ប្រឆាំងនឹង​ឧក្រិដ្ឋកម្មគ្រឿងញៀន ចាប់តាំងពី​រូបលោក បានស្បថឡើងកាន់​តំណែងជាមេ​ដឹកនាំ​ប្រទេសហ្វីលីពីន កាលពី​ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពី​លោក ឌូតឺតេ បានប្តេជ្ញាថា​នឹងប្រើប្រាស់វិធានការធ្ងន់ៗ ដើម្បីកម្ចាត់​និងបោសសម្អាត​បទឧក្រិដ្ឋទាំង​ឡាយ រួមទាំងគ្រឿងញៀន​ចេញពីប្រទេសរបស់លោក។ យ៉ាងណាមិញ​ក្នុងអំឡុង​ពេលជាងមួយឆ្នាំ​កន្លងទៅនេះ បើតាមរបាយការណ៍​ជាច្រើន មនុស្សរាប់ពាន់​​នាក់​ត្រូវបានសម្លាប់ និងយុទ្ធនាការ​ដ៏បង្ហូរឈាមនេះ បានទទួលការរិះគន់​យ៉ាងខ្លាំងពីសហគមន៍​អន្តរជាតិ៕