(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃលោក ប្រាវីត វង្សស៊ូវ៉ាន់ (Prawit Wongsuwan) បាននិយាយថា មកទល់ពេលនេះលោកមិនទាន់ដឹងថា អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ស្ថិតនៅ ទីកន្លែងណានោះទេ បន្ទាប់ពីលោកស្រីមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូល សម្រាប់ការប្រកាសសាលក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្រីបានធ្វេសប្រហែស ធ្វើឱ្យខាតបង់ថវិកាជាតិជាង ៨ពាន់លានដុល្លារ ដែលអាចឱ្យលោកស្រីប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
បើតាមក្រុមមន្ត្រីជាន់ខ្ពស់មកពីគណបក្ស ភឿ ថៃ (Puea Thai) លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចាកចេញពីប្រទេសថៃតាំងតែពីសប្តាហ៍មុនម្ល៉េះ ដោយធ្វើដំណើរទៅកាន់ប្រទេស សិង្ហបុរី មុននឹងបន្តឆ្ពោះទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំជាមួយបងប្រុសគឺលោក ថាក់ស៊ីន ដែលកំពុងរស់នៅទីនោះ។ ទោះបីជាយ៉ាងនេះក្ដី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Prawit Wongsuwan បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានដឹងឡើយថា លោកស្រី យីងឡាក់ ស្ថិតនៅ ឬក៏ស្នើសុំសិទ្ធិជ្រកកោននៅទីកន្លែងណានោះឡើយ... ហើយយើង ក៏មិនទាន់បានស្នើសុំការធ្វើបត្យាប័នលើរូបលោកស្រីនោះដែរ»។
គួរបញ្ជាក់ថា បងប្រុសរបស់លោកស្រី យីងឡាក់ គឺអតីតនាយកដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង កាលពីឆ្នាំ២០០៦ ក៏ធ្លាប់បានរត់ភៀសខ្លួនចេញប្រទេសផងដែរ នៅឆ្នាំ២០០៨ ដើម្បីជៀសវាងការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទពុករលួយ។ ដូច្នេះហើយទើបអ្នកវិភាគថៃខ្លះយល់ថា ការកាត់ទោស លោកស្រី យីងឡាក់ ធ្វើឡើងនៅក្នុងគោលបំណងបោសសំអាត ប្រជាប្រិយភាពនៃត្រកូល ថាក់ស៊ីន នៅក្នុងប្រទេសថៃតែប៉ុណ្ណោះ៕