(អាល្លឺម៉ង់)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់ លោក ស៊ីកម៉ា ហ្គាប៊្រីអ៊ែល (Sigmar Gabriel) បាននិយាយថា តួកគីនឹងមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ នៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan)។ នេះបើយោងតាមប្រភពពីវែបសាយ Turkish Minute ដកស្រង់នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
លោក Gabriel បាននិយាយថា «វាច្បាស់ណាស់ថា តួកគីនឹងមិនអាចក្លាយជាសមាជិកនៃសហភាពអឺរ៉ុបទេ។ វាមិនមែនដោយសារតែយើងមិនចង់ឱ្យពួកគេចូល ប៉ុន្តែដោយសារតែរដ្ឋាភិបាលតួកគី និង លោក Erdogan កំពុងតែងាកចេញឆ្ងាយពីអ្វីដែលអឺរ៉ុបចង់បាន»។ លោក Gabriel បានសួរថា តើប្រទេសមួយដែលហាមឃាត់សេរីភាពក្នុងការបញ្ចេញមតិ ចាប់មនុស្សស្លូតត្រង់ និងការកៀបសង្កត់លើក្រុមអ្នកប្រឆាំង អាចក្លាយជាសមាជិករបស់សហភាពអឺរ៉ុបបានដូចម្តេច?
មន្ត្រីជាន់ខ្ពស់ខាងលើនេះបានបន្ថែមទៀតថា អាល្លឺម៉ង់មិនមានបញ្ហាជាមួយប្រជាជនតួកគីទេ ប៉ុន្តែជាមួយរដ្ឋាភិបាលតួកគី និងគោលនយោបាយរបស់ពួកគេ។ លោកបាននិយាយទៀតថា បើនណារម្នាក់ដែលមានការសង្ស័យថា មានទំនាក់ទំនងជាមួយនិងចលនា ហ្គូនលេន (Gülen) នោះត្រូវបានរដ្ឋាភិបាលតួកគីថាជាភេរវជន។
តួកគីត្រូវបានរិះគន់ដោយប្រទេសអាល្លឺម៉ង់ និងសមាជិកសហភាពអឺរ៉ុបជាច្រើនទៀត ដោយសារតែការបង្ក្រាបរបស់ លោក Erdoğan លើក្រុមអ្នកប្រឆាំងដែលរួមទាំងអ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន។ លោក Erdoğan បានបង្កើនអំណាចជាប្រធានាធិបតី បន្ទាប់ពីការធ្វើប្រជាមតិនៅខែមេសាដោយអះអាងថា វាចាំបាច់ដើម្បីការពារសន្តិសុខរបស់ប្រទេសតួកគី ពីសត្រូវក្នុងស្រុក និងបរទេស៕