(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាសអាមេរិក បានផ្ដល់កិច្ចសន្យាមានតម្លៃរាប់រយលានដុល្លារ ដល់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Northrop Grumman ដើម្បីផលិតមីស៊ីលជំនាន់ថ្មី ជំនួសមីស៊ីលឆ្លងទ្វីបសម័យសង្រ្គាមត្រជាក់ (ICBM) Minuteman III ។ នេះបើតាមមន្ទីរបញ្ចកោណ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
យោងតាមមន្ទីរបញ្ចកោណ ផ្អែកលើកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Boeing នឹងទទួលប្រាក់ ៣៤៩លានដុល្លារ រីឯក្រុមហ៊ុន Northrop Grumman នឹងទទួលបានប្រាក់ ៣២៩លានដុល្លារ សម្រាប់រយៈពេល ០៣ឆ្នាំ ក្នុងការអភិវឌ្ឍ និងរចនាមីស៊ីល ICBM ជំនាន់ថ្មី។ មន្ទីរបញ្ចកោណបានគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «នៅឆ្នាំ២០២០ កងកម្លាំងទ័ពអាកាសអាមេរិករំពឹងថា នឹងធ្វើការសម្រេចិត្តជាមួយក្រុមហ៊ុន (Boeing និង Northrop Grumman) ដើម្បីផលិតមីស៊ីល ៤០០គ្រាប់សម្រាប់កងនាវា ក្រោមក្របខណ្ឌនៃកម្មវិធី Ground Based Strategic Deterrent program»។
គួរបញ្ជាក់ថា Minuteman III គឺជាប្រភេទមីស៊ីលឆ្លងទ្វីប ត្រូវគេយកមកប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ ហើយកិច្ចព្រមព្រៀងអភិវឌ្ឍន៍មីស៊ីលនេះ ធ្វើឡើងនៅចំពេលកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ ដោយក្រុមអ្នកជំនាញខ្លះព្យាករណ៍ថាទីក្រុងព្យុងយ៉ាង អាចនឹងផលិតបានមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ដីគោករបស់ សហរដ្ឋអាមេរិក លឿនជាងការរំពឹងទុកយ៉ាងយូរនៅឆ្នាំ២០២២៕