(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកបីរូបមកហើយ ក្នុងនោះរួមទាំងប្រធានាធិបតីចុងក្រោយ លោក ដូណាល់ ត្រាំ បានព្យាយាមស្វែងរកយុទ្ធសាស្ត្រ ដើម្បីបញ្ចប់ភាព «ទាល់ច្រក» នៃសង្គ្រាមនៅ អាហ្វហ្គានីស្ថាន ដែលមិនឈ្នះមិនចាញ់ និងអូសបន្លាយអស់រយៈ ១៦ឆ្នាំ កន្លងទៅនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន មិនបានផ្តល់ផលអ្វីគួរកត់សម្គាល់ ក្រៅពីផ្តល់ឱ្យក្រុមតាលីបង់គ្រប់គ្រងលើដែនដីមួយភាគធំក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយធំជាងដែនដីដែលគេវាយដណ្តើមបាន មុនពេលដែលសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍នៅទីនេះ ក្នុងឆ្នាំ២០០១ទៅទៀត។
វាជាភស្ថុតាងបង្ហាញថា ទោះបីអាមេរិកបន្ថែមទ័ព ៥,០០០នាក់ ឬ ១០,០០០នាក់ក្តី ក៏មហាអំណាចមួយនេះមិនអាចយកឈ្នះ ទៅលើក្រុមតាលីបង់បានឡើយ។ ផ្ទុយទៅវិញ វាហាក់ដូចជាការ បន្ថែមអុសដើម្បីដុតបញ្ឆេះសង្គ្រាមឱ្យបន្ត រហូតមិនអាចស្វែងរកផ្លូវបញ្ចប់បានទៅវិញ។ ហេតុអ្វីបានជាមហាអំណាចអាមេរិក មិនអាចបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន រហូតធ្វើឱ្យវាក្លាយជាសង្គ្រាម ដែលអូសបន្លាយយូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកបែបនេះ? តើយុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់អាហ្វហ្គានីស្ថាន អាចផ្លាស់ប្តូរស្ថានភាពនៃសង្គ្រាមដ៏យូរអង្វែងនេះដែរ ឬទេ? តើឧត្តមសេនីយ៍អាមេរិកប្រចាំអាហ្វហ្គានីស្ថាន ពិតជាអាចស្វែងរកឱកាសដើម្បីយកជ័យជម្នះបានទេ បន្ទាប់ពីវិបត្តិនេះមិនធ្លាប់រកឃើញច្រកចេញ អស់រយៈពេល ១៦ឆ្នាំ មកហើយនោះ?
សហរដ្ឋអាមេរិកមិនអាចយកឈ្នះទៅគូសត្រូវ ព្រមទាំងមិនអាចស្តារប្រទេសអាហ្វហ្គានីស្ថានវិញបានឡើយ បើទោះបីជាចំណាយពេលអស់ជាង ១៦ឆ្នាំក្តី។ មូលហេតុដោយសារ អំពើពុករលួយក្នុងប្រទេសនេះបានស៊ីរូង ព្រមទាំងបំផ្លាញរចនាសម្ព័ន្ធកងកម្លាំងអាហ្វហ្គានីស្ថាន ដែលសហរដ្ឋអាមេរិកព្យាយាមស្តានាពេលកន្លងមក។ ម្យ៉ាងទៀត ឧត្តមសេនីយ៍អាមេរិក កន្លងមកមិនបានដឹងទេថា ការជួយទំនុកបម្រុងពីសំណាក់ប្រទេស ប៉ាគីស្ថាន ជាការអនុញ្ញាតឱ្យក្រុមតាលីបង់អាចបន្តជីវិតរស់នៅកាន់តែរឹងមាំ។
បើនិយាយពីទីតាំងភូមិសាស្ត្រ អាហ្វហ្គានីស្ថាន គឺជាប្រទេសដែលគ្មានព្រំប្រទល់ជាប់សមុទ្រ សណ្ឋានដីគ្របដណ្តប់ដោយភ្នំ និងវាលខ្សាច់ដែលមិនអំណោយផលទាល់តែសោះ។ អាហ្វហ្គានីស្ថាន នៅតែបន្តជាប់ឈ្មោះជាប្រទេសក្រីក្របំផុតមួយ នៅលើពិភពលោកបើទោះបីជាសហរដ្ឋអាមេរិកចាក់បង្ហូរប្រាក់ជំនួយរហូតដល់ ១១៧ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០២ក្តី។
បើនិយាយពីវិស័យឧស្សាហកម្មនាំមុខ របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គឺការផលិតកម្មអាភៀនខុសច្បាប់ ដែលផលិតបានរហូតដល់ប្រមាណពី ៧០ ទៅ ៨០ភាគរយ នៃការផ្គត់ផ្គង់សរុបសម្រាប់ពិភពលោកទាំងមូល។ ថ្វីបើប្រទេសនេះ ទទួលបានប្រាក់ជំនួយពីមហាអំណាច និងប្រាក់ចំណេញជាច្រើនសន្ធឹកសន្ធាប់ពីការផលិតអាភៀនក្តី ក៏អាហ្វហ្គានីស្ថាននៅតែស្ថិតនៅលំដាប់បាតក្រោមនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស របស់អង្គការសហប្រជាជាតិដដែល។ ហេតុផលសំខាន់ គឺលុយទាំងនោះបានហូរចូលក្នុងហោប៉ៅរបស់មនុស្សពុករលួយ។
និយាយពីវិស័យយោធាវិញ ថ្វីបើមានជំនួយជាអាវុធ និងការបណ្ដុះបណ្ដាលពីសហរដ្ឋអាមេរិកក្តី តែកងកម្លាំងសន្ដិសុខអាហ្វហ្គានីស្ថាន នៅតែមិនអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងពួកតាលីបង់បានឡើយ។ ថាមពល និងកម្លាំងចិត្តក្នុងនាមជាយោធាបានបាត់បង់បន្តិចម្តងៗ ក្នុងចំណោមយោធាអាហ្វហ្គានីស្ថាន ដែលជម្រុញឱ្យអត្រានៃយោធារត់ចោលជួរ កើនឡើងជារៀងរាល់ឆ្នាំ។
ខាងលើនេះជាមូលហេតុដែលចូលរួមចំណែកក្នុងការរារាំង មិនអោយសង្គ្រាមនៅប្រទេសនេះអាចបញ្ចប់បាន។
ប៉ុន្តែកតា្តចម្បង និងសំខាន់បំផុតដែលរារាំងមិនឱ្យវិបត្តិនេះ ត្រូវបានដោះស្រាយ គឺមកពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលមិនចង់ឱ្យសង្គ្រាមនេះទទួលបានជោគជ័យតែម្តង។ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក គឺមិនមែនដើម្បីទទួលបានជ័យជម្នះក្នុងសង្គ្រាមនោះទេ ហើយក៏មិនបណ្តោយឱ្យខ្លួនចាញ់សង្គ្រាមនោះដែរ។ ការពិតទៅសហរដ្ឋអាមេរិកកន្លងមក មិនបានប្រើប្រាស់យុទ្ធសាស្រ្ត ដើម្បីទទួលជ័យជម្នះនោះទេ គឺមានតែផែនការដើម្បីចៀសវាងភាពបរាជ័យប៉ុណ្ណោះ។
ហេតុផលដោយសារការអូសបន្លាយនៃសង្គ្រាមនេះ ជាការផ្តល់ឱកាសដល់អាមេរិកក្នុងការដាក់ពង្រាយទ័ព និងពង្រីកឥទ្ធិពលនៅតំបន់អាស៊ីខាងត្បូងទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ីក្នុងតំបន់នោះ។ ម្យ៉ាងទៀតដើម្បីផ្តល់ឱ្យសហរដ្ឋអាមេរិក អាចឃ្លាំមើលការវិវត្តន៍អាវុធនុយក្លេអ៊ែររបស់ប្រទេស ប៉ាគីស្ថានដែលនៅជាប់នឹងប្រទេសអាហ្វហ្គានីស្ថានតែម្តង។
សូមជម្រាបថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការបោសសម្អាត ពួកភេរវករនៅអាហ្វហ្គានីស្ថាន តាំងពីព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មកម្ល៉េះ ដើម្បីកម្ចាត់លោក អូសាម៉ា ប៊ិនឡាដិន និងដាក់ទណ្ឌកម្មពួកតាលីបង់ ដែលដឹកនាំក្រុមអាល់កៃដា។ ថ្វីត្បិតលោក ប៊ិនឡាដិន ត្រូវបានគេសម្លាប់ ប៉ុន្តែចំនួនជនស៊ីវិល និងយោធាត្រូវស្លាប់ រងរបួស ឬផ្លាស់ទីលំនៅនៅបានបន្តកើនឡើងមិនឈប់ឈរ។
ជាក់ស្តែងអង្គការសហប្រជាជាតិបានចេញផ្សាយនូវរបាយការណ៍ថា មានជនស៊ីវិលប្រមាណជាង ១១,០០០នាក់ ដែលរងគ្រោះដោយសារសង្គ្រាម ហើយ ៦៦០,០០០នាក់ផ្សេងទៀត ត្រូវផ្លាស់ប្តូរទីលំនៅ ដែលនេះជាការបង្កើតនូវវិបត្តិជនភៀសខ្លួនយ៉ាងធំសម្បើម សម្រាប់អាហ្វហ្គានីស្ថាន។ គិតមកត្រឹមពេលនេះ សង្គ្រាមធ្វើឱ្យសហរដ្ឋអាមេរិកចំណាយប្រាក់រហូតដល់ ១ទ្រីលានដុល្លារ ដែលធ្វើឱ្យវាក្លាយជាការចំណាយប្រាក់ទៅលើសង្គ្រាមច្រើនបំផុត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ ក្នុងឆ្នាំសារពើពន្ធ២០១៧នេះ សង្គ្រាមនឹងបង្កការខាតបង់ប្រាក់ចំនួន ៥០ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ១ពាន់លានដុល្លារក្នុងមួយសប្តាហ៍។ បន្ថែមពីនេះយោធាប្រមាណ ២,៣៥០នាក់ស្លាប់ និង ២០,០០០នាក់រងរបួស។
សហរដ្ឋអាមេរិកធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថានដើម្បីសងសឹក និងទាមទារសំណងផ្លូវចិត្ត ដែលខាតបង់ក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៉ុន្តែបែរជាត្រូវចំណាយប្រាក់សន្ធឹកសន្ធាប់ លើសពីការខាតបង់ក្នុងព្រឹត្តិការណ៍នោះទៅទៀត ចំណុចនេះអាចបង្ហាញថា គោលដៅនៃសង្គ្រាមរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន វាលើសពីអ្វីដែលពិភពលោកបានដឹង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា