(ម៉ូស្គូ)៖ នាយកសេវាកម្មសហព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារុស្ស៊ី (FSMTC) បានឱ្យដឹងថា ការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 Triumf ចំនួន ១០ បានចាប់ផ្ដើមដំណើរការហើយ នៅក្នុងក្របខណ្ឌនៃការលក់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Kommersant នាយក FSMTC លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) បានគូសបញ្ជាក់ថា «ការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 Triumf កំពុងចាប់ផ្ដើមដំណើរការ... បច្ចុប្បន្នយើងក៏មានបំណងបង្កើនការនាំចេញបរិកា្ខនាវា និងអភិវឌ្ឍន៍ផ្នែកសេវាកម្មជួសជុលដល់អតិថិជនរបស់យើងផងដែរ ស្របពេលយន្ដហោះចម្បាំងតំណាងឱ្យ ៥០ភាគរយ នៃការនាំចេញ ហើយយើងសង្ឃឹមថា ការនាំចេញបរិកា្ខយោធានៅលើដីអាចនឹងកើតដល់ច្រើនជាង ៣០ភាគរយ»។
គួរបញ្ជាក់ថា បើតាមលោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) លោករំពឹងថា នឹងមានលទ្ធផលវិជ្ជមាននៃកិច្ចចរចារវាងរុស្ស៊ី និងតួកគី ទាក់ទិននឹងការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 នៅក្នុងពេលឆាប់ៗនេះ៕