(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកចង់ស្វែងរកកិច្ចចរចាសន្តិភាពជាមួយកូរ៉េខាងជើង បើទោះបីជារដ្ឋកុម្មុយនីស្ដឯកោមួយនេះ នៅតែបាញ់សាកល្បងមីស៊ីលផ្លោងឥតឈប់ឈរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលបីគ្រាប់ ធ្លាក់ចូលក្នុងតំបន់ដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន។ បើតាមទីក្រុងសេអ៊ូល គ្រាប់មីស៊ីលទាំងនេះទំនងជាបាញ់ចេញពីឧបករណ៍បាញ់គ្រាប់រ៉ុក្កែតច្រើនក្នុងពេលតែមួយ ខណៈសហរដ្ឋអាមេរិកបញ្ជាក់ថា វាជាប្រភេទមីស៊ីលផ្លោងរយៈចំងាយខ្លី ហើយមានពីរគ្រាប់ធ្វើតេស្ដបានជោគជ័យ និងមួយគ្រាប់ទៀតផ្ទុះនៅលើអាកាស។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់សាកល្បងរាល់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សា សន្តិសុខ UN និងជាសកម្ម ភាពបង្ករឿងប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់យើង»។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបន្ថែមថា «យើងនឹងបន្តដាក់សម្ពាធដោយសន្តិវិធី ក៏ដូចជាធ្វើការងាររួមគ្នាជាមួយសម្ព័ន្ធមិត្ត និងទីក្រុងប៉េកាំង ដើម្បីមើលថាតើយើងអាចនាំរបបដឹកនាំទីក្រុងព្យុងយ៉ាង មកកាន់តុចរចាបានដែរ ឬទេ»។
តែយ៉ាងណាក៏ដោយ លោក រិច ធីល្លឺសុន ក៏បានទទួលស្គាល់ដែរថា ការបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃសៅរ៍បានបង្ហាញថា កូរ៉េខាងជើងមិនអាចបកក្រោយ ឬក៏បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើយ។ បន្ថែមពីនេះកូរ៉េខាងជើងអាចអង្គុយចរចាជាមួយអាមេរិកបាន លុះត្រាណាតែទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល សន្យាឈប់ធ្វើសមយុទ្ធយោធាក្នុងតំបន់ ដែលជាការបង្កការគំរាមកំហែងលើកូរ៉េខាងជើងតទៅទៀត ប៉ុន្តែទោះបីជាមានកិច្ចចរចា ឬពិភាក្សាគ្នារវាងគូសត្រូវទាំងពីរក្តី ក៏កូរ៉េខាងជើងនៅតែប្រកាន់ជំហរដដែល នោះគឺគ្មានថ្ងៃបោះបង់ចោលនុយក្លេអ៊ែរ៕