ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក «កំពុងសិក្សាពីទ្រិស្តីនៃប្រតិកម្មភ្លៀងពេជ្រ» ដែលអាចកើតមានលើភពណិបទូន និងអ៊ុយរ៉ាណុស!
28-08-2017 10:01
(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានធ្វើការបង្កើតនិងឃ្លាំងមើលប្រតិកម្មម៉្យាងដែលគេហៅថា «ភ្លៀងពេជ្រ» របស់ភពណិបទូន (Neptune) ដោយជោគជ័យជាលើកដំបូងបំផុត ហើយលទ្ធផលសម្រេចបាននេះ បានគាំទ្រដល់ទឹ្រស្តីដ៏ល្បីល្បាញមួយ ស្តីពីអំពីដំណើរការសារធាតុគីមី ដែលកំពុងកើតមានឡើង នៅក្នុងភពដ៏ឆ្ងាយពីព្រះអាទិត្យមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ក្រុមអ្នកវិទ្យាសាស្រ្តតាំងតែពីយូរណាស់មកហើយ មានការសង្ស័យថា ភពមួយចំនួននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ជាពិសេសភពណិបទូន និងអ៊ុយរ៉ាណុស (Uranus) តែម្តង កំពុងតែលាក់បាំងនូវស្រទាប់ដ៏ចែងចាំងមួយ ពោពេញទៅដោយពេជ្រសុទ្ធ ដែលស្ថិតនៅជិតស្នូលរបស់ពួកវា។ ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា សម្ពាធកម្រិតខ្ពស់និងសីតុណ្ហភាពដ៏សែនក្តៅ នៅកប់យ៉ាងជ្រៅក្នុងភពឧស្ម័នយក្សនេះ អាចបង្កើតចេញជាត្បូងពេជ្រ ដែលនឹងធ្លាក់ចុះហើយមុជចូលទៅ ផ្នែកខាងក្នុងរបស់ភពទាំងនេះដូចជាទឹកភ្លៀងអ៊ីចឹង។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ ពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ទឹ្រស្តីខាងលើឡើយ ក៏ប៉ុន្តែក្រុមការងារស្រាវជ្រាវអន្តរជាតិដ៏ធំមួយ បានបង្កើតឡើងវិញ នូវសីតុណ្ហភាពនិងសម្ពាធដ៏ត្រឹមត្រូវរបស់ភពណិបទូន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាំរស្មី SLAC X-Ray ដ៏ទំនើប ដើម្បីផលិតរួចហើយអង្កេតមើលប្រតិកម្មភ្លៀងពេជ្រនេះ៕