(វ៉ាស៊ីនតោន)៖ អាជ្ញាធរឧតុនិយមអាមេរិកបានឱ្យដឹងថា ខ្យល់ព្យុះហ៊ឺរីខិន ហាវី (Harvey) នៅតែបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅឯទីក្រុង ហួស្តុន (Houston) នៃរដ្ឋ តិចសាស់ (Texas) សហរដ្ឋអាមេរិក ខណៈសាលារៀនជាច្រើននៅក្នុងទីក្រុងមួយនេះ បានប្រកាសកាលពីថ្ងៃអាទិត្យ បិទថ្នាក់រៀនជាបណ្ដោះអាសន្នទាំងអស់នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរបើតាមអ្នកនាំពាក្យសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Texas នៅថ្ងៃអង្គារស្អែកនេះ (ម៉ោងនៅក្នុងតំបន់)។ អ្នកនំាពាក្យ សេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងកំពុងធ្វើការសម្របសម្រួលផ្នែកជំនួយ ជាមួយក្រុមមន្ត្រីនៅក្នុងតំបន់ ហើយព័ត៌មានលម្អិតនឹង ត្រូវចេញផ្សាយនៅពេលក្រោយ...»។
យោងតាមទីភ្នាក់ងារគ្រប់គ្រងពេលគ្រាមានអាសន្ន របស់រដ្ឋាភិបាលសហព័ន្ធ (FEMA) បានឲ្យដឹងថា សម្រាប់ព្យុះហ៊ឺរីខិនខាងលើនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយបើតាមការព្យាការណ៍ យ៉ាងហោចណាស់អាជ្ញាធរក៏ត្រូវការពេលរាប់ឆ្នាំដែរ ដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញ។
គួរបញ្ជាក់ថា ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់បានផ្ដាច់យកអាយុជីវិតមនុស្ស ០៦នាក់ នៅក្នុងរដ្ឋ Texas គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រីឯ ក្រុមអាជ្ញាធរឧតុនិយមអាមេរិកព្យាករណ៍ថា ភ្លៀងធ្លាក់អាចនឹងបន្តធ្លាក់នៅក្នុងទីក្រុង Houston និងតំបន់ភាគខាងកើតនៃរដ្ឋ Texas និងរដ្ឋក្បែរខាងគឺ Louisiana ស្របពេលកម្ពស់ទឹក ភ្លៀងក្នុងខែសីហា កើនដល់ ៦៥សង់ទីម៉ែត្រ៕