(សិង្ហបុរី)៖ មកទល់ព្រឹកថ្ងៃចន្ទនេះសាកសពរបស់នាវិកទាំង ១០នាក់ ដែលបានបាត់ខ្លួនត្រូវបានរកឃើញទាំងអស់ ក្រោយនាវាពិឃាតអាមេរិក John S. McCain បានបុកគ្នាជាមួយនាវាដឹកប្រេងមួយគ្រឿង នៅក្បែរច្រកសមុទ្រ ម៉ាឡាក់កា (Malacca) ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសសិង្ហបុរី កាលពីដើមសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា បន្ទាប់ពីពេលវេលាកន្លងទៅអស់មួយសប្តាហ៍ សាកសពនាវិកទាំង ១០នាក់ ត្រូវបានរកឃើញទាំងអស់ហើយ ខណៈសាកសពពីរនាក់ក្នុងចំណោមនោះ ត្រូវបានគេរកឃើញ និងកំណត់អត្តសញ្ញាណកាលពីសប្តាហ៍មុន។ ស្របពេលជាមួយគ្នានេះ ការស៊ើបអង្កេតក៏កំពុងតែបន្តប្រព្រឹត្តទៅដដែល ដើម្បីកំណត់ពីមូលហេតុ ដែលបានបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះផងដែរ។
គួរបញ្ជាក់ថា ក្រៅពីហេតុការណ៍នេះ កាលពីខែមិថុនាកន្លងទៅ នាវាពិឃាតអាមេរិកមួយគ្រឿងទៀតឈ្មោះ USS Fitzgerald ក៏ត្រូវបាននាវាដឹកកុងតឺន័រមួយគ្រឿងទៀតបុកផងដែរ នៅក្បែរឧបទ្វីប អ៊ីហ្ស៊ូ (Izu) នៃប្រទេសជប៉ុន ដែលបានផ្តាច់ជីវិតនាវិកដល់ទៅ ០៧នាក់។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ទាំងពីរនេះ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប៉ុន្មានរូប ថែមទាំងត្រូវបានដកចេញពីមុខតំណែងទៀតផង៕