(ប៉ារីស)៖ ប្រជាជនបារាំងភាគច្រើន បានសម្ដែងការអស់សង្ឃឹម និងមិនពេញចិត្តចំពោះសកម្មភាពរបស់លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ហើយនេះគឺជាការផ្លាស់ប្ដូរ មួយគួរឱ្យកត់សម្គាល់សម្រាប់ប្រធានាធិបតីបារាំងរូបនេះដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីជាងបួនខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង
ឡឺហ្សួកណាល់ ឌុយ ឌីម៉ង់ (Le Journal du Dimanche) នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិរបស់វិទ្យាសា្ថនស្ទង់មតិសាធារណៈបារាំង Ifop ចេញផ្សាយដោយសារព័ត៌មាន Le Journal du Dimanche នៅថ្ងៃអាទិត្យនេះ ប្រជាជនបារំាង៥៧ភាគរយ មិនពេញចិត្តនឹងសកម្មភាពរបស់លោក ម៉ាក្រុង (ក្នុងនោះមាន២០ភាគរយ មិនពេញចិត្តខ្លាំងតែម្ដង) ខណៈ៤០ភាគរយទៀត ពេញចិត្តនឹងសកម្មភាពរបស់លោក ដែលធ្វើឱ្យប្រជាប្រិយ ភាពប្រធានាធិបតីបារាំងរូបនេះធ្លាក់ចុះអស់១៤ពិន្ទុ គិតកាលពីខែកក្កដាមក។
គួរបញ្ជាក់ថា បើតាមការស្ទង់មិតខាងលើដដែល ប្រជាប្រិយភាពលោកម៉ាក្រុង បានធ្លាក់ចុះខ្លាំងជាងអតីតប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ ដែលមានប្រជាជនបារាំង ៥៤ភាគ រយគាំទ្រ កាលពីឆ្នាំ២០១២ គិតត្រឹមរយៈពេលដូចគ្នា៕