(កាប៊ុល)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កងទ័ពអ៊ីរ៉ាក់បានប្រកាសថា ពួកគេទើបតែរំដោះបានដោយជោគជ័យនៅតំបន់ចំនួន ០៣ ស្ថិតនៅក្នុងទីក្រុង តាល់អាហ្វារ (Tal Afar) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ពីកណ្តាប់ដៃក្រុមភេរវករលេខ១លើលោក ISIS។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
ការិយាល័យនៃកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) ដែលស្ថិតនៅក្បែរទីក្រុង តាល់អាហ្វារ បានឲ្យដឹងថា តំបន់ដែលត្រូវបានរំដោះយកពី ISIS មកវិញនោះមានដូចជា កាស៊ីយ៉ាហ៍ អ៊ូឡា (Qadsiyah Oula), កាស៊ីយ៉ាហ៍ ថានីយ៉ាហ៍ (Qadsiyah Thaniyah) និង អាល់រ៉ាប៊ី (al-Rabie) ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង តាល់អាហ្វារ តែម្តង។
គួរបញ្ជាក់ថា ទីក្រុងតាល់អាហ្វារ គឺជាទីក្រុងធំមួយទៀតនៅស្ថិតនៅក្នុងការគ្រប់គ្រងរបស់ ISIS ក្រោយពីទីក្រុងម៉ូស៊ុលត្រូវបានរដោះដោយជោគជ័យកាលពីខែមុន ហើយពេលនេះកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងតែប្រើប្រាស់យុទ្ធវិធីក្រសោបយក តំបន់ជុំវិញទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់មួយនេះបន្តិចម្តងៗ រហូតដល់អាចក្តោបក្តាប់ទាំងមូលតែម្តង នាពេលឆាប់ៗខាងមុខនេះ។ ចំពោះទីក្រុង តាល់អាហ្វារ គឺស្ថិតនៅតែ ៧០គីឡូម៉ែត្រ ប៉ុណ្ណោះពីភាគខាងលិចទីក្រុងម៉ូស៊ូល៕