(បាងកក)៖ បើតាមប្រភពពីគណបក្ស ភឿថៃ (Puea Thai) អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចាកចេញពីប្រទេសថៃតាំងតែ ពីសប្តាហ៍មុនម្ល៉េះ ហើយបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងបន្តឆ្ពោះទៅទីក្រុងឌូបៃ (Dubai) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំជាមួយបងប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអូស្រ្តាលី ABC នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
សមាជិកជាន់ខ្ពស់នៃគណបក្ស Puea Thai ដែលបានសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឲ្យដឹងថា «ពួកយើងបានលឺសូរដំណឹងថា លោកស្រី យីងឡាក់ បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ហើយឡើងយន្តហោះបន្តទៅប្រទេសសិង្ហបុរី មុននឹងបន្តដំណើរឆ្ពោះទៅទីក្រុងឌូបៃ ដោយលោកស្រី បានធ្វើដំណើរដោយសុវត្ថិភាព និងខណៈពេលនេះកំពុងតែស្ថិតនៅទីនោះ (ឌូបៃ) ហើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ គឺជាថ្ងៃដែលលោកស្រី យីងឡាក់ ត្រូវចូលបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលថៃ ដើម្បីរង់ចាំស្តាប់ការប្រកាសសាលក្រមជុំវិញសំណុំរឿងនយោបាយទិញស្រូវ ដែលទទួលបរាជ័យរបស់លោកស្រី ក៏ប៉ុន្តែពេលដល់កាលកំណត់ អតីតមេដឹកនាំថៃរូបនេះមិនបានបង្ហាញខ្លួននោះឡើយ ដោយមេធាវីរបស់លោកស្រីបានលើកឡើងថា រូបលោកស្រីមានបញ្ហាសុខភាព។
ប្រការហេតុដូចខាងលើនេះ តុលាការថៃបានបង្ខំចិត្តពន្យាពេលប្រកាសសាលក្រមទៅចុងខែក្រោយវិញ ហើយបានចេញសាលដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី យីងឡាក់ ខណៈក្រោយមកទៀត ក៏មានសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងប្រទេសថៃថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរត់ភៀសខ្លួនចេញទៅក្រៅប្រទេសបាត់ទៅហើយ៕