(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌាមួយគ្រឿង បានលុបចោលការហោះហើររបស់ខ្លួនភ្លាមៗនៅនាទីចុងក្រោយតែម្តង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីបញ្ហាបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់នៅពេលយន្តហោះហោះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែសសីហា ឆ្នាំ២០១៧។
មន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍ជាតិឥណ្ឌាមួយរូប បានបញ្ជាក់យ៉ាងដូច្នេះថា «ឧប្បទ្ទវហេតុខាងលើនេះ បានកើតមានឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Chhatrapati Shivaji ទីក្រុង ញូដេលី នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង នៅពេលដែលអាកាសចរណ៍ឥណ្ឌា ដែលមានជើងហោះហើរ AI 054 ដឹកអ្នកដំណើរសរុប ១៥០នាក់ សំដៅទៅកាន់ទីក្រុង កូជី (Kochi) ភាគខាងត្បូងប្រទេស»។
មន្ត្រីខាងលើនេះ បានបន្ថែមទៀតថា «តាមពិតយន្តហោះខាងលើនេះ បានរំកិលជាបណ្តើរៗទៅហើយ ដើម្បីរៀបនឹងធ្វើការហោះឡើងទៅតាមបច្ចេកទេស ប៉ុន្តែភ្លាមៗនោះអាកាសយានិកនៅលើនោះ បានសម្គាល់ឃើញមានភាពមិនប្រក្រតី ទើបសម្រេចផ្អាកការហោះហើរ និងត្រឡប់មកកាន់ចំណតដើមវិញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យបច្ចេកទេស ជាកិច្ចរក្សាសុវត្ថិភាពនៃអ្នកដំណើរទាំងអស់»៕