(កាប៊ុល)៖ កងយន្តហោះចម្បាំងអង្គការ NATO បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ផ្តាច់ជីវិតពួកសកម្មប្រយុទ្ធចំនួន ៤២នាក់ និងរបួស ១៧នាក់ នៅខេត្តភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានករណីវាយប្រហារដោយអត្តឃាតដ៏ក្រើកមួយ ធ្វើឡើងដោយក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ទៅលើព្រះវិហារមួយកន្លែង ក្នុងរដ្ឋធានីកាប៊ុល ដែលបានបណ្តាលឲ្យមនុស្ស ៤០នាក់ស្លាប់ និង ៩០នាក់របួស កាលពីថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យប៉ូលិសអាហ្វហ្គានីស្ថាន លោក អាប់ឌុល រ៉ាហ្សេក (Abdul Razzeq) បានថ្លែងឲ្យដឹងថា កងយន្តហោះចម្បាំងរបស់បរទេស បានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច ៤២នាក់ និងធ្វើឲ្យរបួស ១៧នាក់ផ្សេងទៀត នៅក្នុងខេត្តកាន់ដាហារ (Kandahar) ភាគត្បូងប្រទេស។ ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អង្គការ NATO ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុម ISIS បានធ្វើសកម្មភាពវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងព្រះវិហារអ៊ីស្លាមមួយកន្លែង នៅក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រម្សិលមិញនេះ។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមផ្លូវអាកាស ដ៏ក្តៅគគុកជាលើកទីពីរហើយ ដែលធ្វើឡើងដោយកងទ័ពរបស់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត ចាប់តាំងតែពីការប្រកាសនៃបេសកកម្មថ្មីរបស់អង្គការ NATO នៅអាហ្វហ្គានីស្ថាន៕