(ប៉េកាំង)៖ ចិនប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មជាឯកតោភាគីទាំងឡាយ ដែលត្រូវបានដាក់ចេញ ដោយប្រទេសណាមួយក៏ដោយ នៅក្រៅក្របខណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុងយីង (Hua Chunying) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនសួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Hua Chunying បានថ្លែងថា ចិនសូមជំទាស់ជាដាច់ខាត ចំពោះទណ្ឌកម្ម ដែលបានដាក់ប្រឆាំងមកលើក្រុមហ៊ុន ក៏ដូចជាប្រជាជនចិន ក៏ប៉ុន្តែលោកស្រី Hua បានបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងធ្វើការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ចំពោះសេចក្តីសម្រេចផ្សេងៗទាក់ទិននឹងកូរ៉េខាងជើង របស់ UNSC។ លោកស្រីអ្នកនាំពាក្យបានបន្តថា ចិនមិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ហើយបានទទូចឲ្យទីក្រុងតូក្យូ កុំដើរតាមលំនាំរបស់ប្រទេសខ្លះទៀតអី ។
គួរបញ្ជាក់ថា នាថ្ងៃសុក្រម្សិលមិញរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទណ្ឌកម្មលក្ខណៈឯកតោភាគី ទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួនមកពីប្រទេសចិន, ណាមីប៊ី (Namibia), និងកូរ៉េខាងជើង ដែលសង្ស័យថា ក្រុមហ៊ុនទាំងនេះបានលួចទាក់ទងជាមួយទីក្រុងព្យុងយ៉ាង ដោយជប៉ុនមានគោលបំណងដាក់សម្ពាធបន្ថែមទៀត ជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ៕