(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការលើកលែងទោសអតីតមេប៉ូលិសតម្រួតប្រចាំរដ្ឋអារីហ្សូណា (Arizona) ឈ្មោះ ចូ អាផាយ៉ូ (Joe Arpaio) ដែលជាបុគ្គលផ្នែកនយោបាយដ៏ជំនិតម្នាក់របស់ លោក ត្រាំ បន្ទាប់ពីលោក Arpaio កាលពីជិតមួយខែមុន ត្រូវបានតុលាការរកឃើញថា មានទោសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ដែលបង្កឡើងដោយសារតែវិធានការដ៏តឹងរ៉ឹងហួសហេតុរបស់លោក ចំពោះជនអន្តោប្រវេសន៍ ដែលពុំមានឯកសារត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
កាលពីខែកក្កដាកន្លងទៅ អតីតមន្រ្តីអនុវត្តន៍ច្បាប់វ័យ ៨៣ឆ្នាំ រូបនេះត្រូវបានតុលាការអាមេរិក រកឃើញថា ពិតជាមានទោសពីបទរំលោភបំពានច្បាប់ សម្រាប់ការចាត់វិធានការធ្ងន់ៗទៅលើបុគ្គលទាំងឡាយដែលជាប់សង្ស័យថា ជាជនអន្តោប្រវេសន៍ពុំមានឯកសារត្រឹមត្រូវ។ លោក Arpaio ត្រូវបានគេកំណត់ថា នឹងត្រូវកាត់ទោសនៅដើមខែកក្កដាខាងមុខ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលដល់ទៅ ០៦ខែ។
គួរបញ្ជាក់ថា នេះគឺជាការប្រើសិទ្ធិលើកលែងទោសទីមួយហើយ របស់លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែលោក ត្រាំ មិនបានដើរតាមលំនាំមេដឹកនាំអាមេរិកមុនៗនោះឡើយ ដែលតែងតែបានប្រឹក្សាយោបល់ជាមុនសិនជាមួយ ក្រុមមេធាវីនៅឯក្រសួងយុត្តិធម៌ មុនធ្វើការប្រកាសជាចុងក្រោយអំពីការសម្រេចចិត្តរបស់លោក៕