(ឡុងដ៍)៖ កម្លាំងប៉ូលិសទីក្រុងឡុងដ៍បានឲ្យដឹងថា ពួកគេបានបើកការស៊ើបអង្កេតភេរវកម្ម ទៅលើបុរសម្នាក់ប្រដាប់ដោយផ្លែកាំបិតដ៏ធំមួយ ដែលត្រូវឃាត់ខ្លួនបាននៅក្បែរព្រះរាជវាំងបាកឃីងហាំ (Buckingham) របស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិសទីក្រុងឡុងដ៍បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «មន្រ្តីជំនាញមកពីនាយកដ្ឋានបង្រ្កាបភេរវកម្ម នៃទីបញ្ជាការប៉ូលិសទីក្រុងឡុងដ៍ បច្ចុប្បន្ននេះកំពុងតែធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍មួយ ដែលបានកើតឡើងនៅក្បែរព្រះរាជវាំង Buckingham កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ)»។
ប៉ូលិសអង់គ្លេសបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ មានវ័យខ្ទង់ ២០ឆ្នាំ បន្ទាប់ពីគេបានប្រទះឃើញកាំបិតដ៏ធំមួយ នៅក្នុងរថយន្តរបស់ជននោះ នៅពេលដែលជននោះបានឈប់នៅក្បែរ យានជំនិះរបស់ប៉ូលិសមួយគ្រឿង ដែលចតនៅក្បែរតំបន់ហាមឃាត់មួយកន្លែង។
គួរបញ្ជាក់ថា មន្រ្តីប៉ូលិសចំនួន ០២រូប បានទទួលរបួសស្រាលស្របពេលដែលពួកគេបានប្រតាយប្រតប់គ្នា ដើម្បីទាញជនសង្ស័យនោះចេញពីរថយន្ត ហើយបុរសម្នាក់នោះបានរងរបួសបន្តិចបន្តួចដូចគ្នាដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងឡុងដ៍ ដើម្បីទទួលការព្យាយាម ក្រោមការឃ្លាំមើលរបស់ប៉ូលិស៕