(បាងកក)៖ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ (Bangkok Post) បានចុះផ្សាយថា អតីតនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសថៃ មុនការប្រកាសសាលក្រមនៃរឿងក្តីនយោបាយទិញស្រូវបរាជ័យរបស់លោកស្រី នាថ្ងៃសុក្រម្សិលមិញនោះ តាមពិតបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា មុននិងបន្តឆ្ពោះទៅកាន់ទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីកន្លែងដែលគេជឿជាក់ថា បងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កំពុងស្នាក់នៅ។ នេះបើតាមសារព័ត៌មានថៃ ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានបាងកក ដែលទទួលបានដំណឹងពីប្រភពជិតស្និទ្ធ នឹងក្រុមគ្រួសាររបស់លោកស្រី លោកស្រី យីងឡាក់ បានជិះយន្តហោះឯកជនមួយគ្រឿងទៅកាន់ព្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត ត្រាត (Trat) ភាគខាងត្បូងប្រទេសថៃ ជាទីដែលលោកស្រីបានឆ្លងព្រំដែនគោកចូលទៅកាន់ខេត្តកោះកុង នៃប្រទេសកម្ពុជា ជាមួយមនុស្សជំនិតរបស់លោកស្រី។ បន្ទាប់ទៀតអតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងរូបនេះ បានបន្តដំណើរឡើងយន្តហោះពីកម្ពុជា ទៅកាន់សិង្ហបុរី ដើម្បីបន្តឆ្ពោះទៅកាន់ទីក្រុងឌូបៃ ដែលជាគោលដៅធ្វើដំណើរចុងក្រោយ។
គួរបញ្ជាក់ថា នាថ្ងៃសុក្រម្សិលមិញនេះ តុលាការកំពូលថៃ បានសម្រេចពន្យាពេលនៃការប្រកាសសាលក្រម ជុំវិញសំណុំរឿងរបស់លោកស្រី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី យីងឡាក់ បន្ទាប់ពីលោកស្រី មិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការ ដោយយកលែសថាមានជំងឺ៕